កូវីដ១៩! នាយករដ្ឋមន្រ្តី មិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្នឡើយ ព្រោះនឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច

0
10

ភ្នំពេញ៖ ស្ថិតក្នុងបរិបទជំងឺកូវីដ១៩ដ៏កាចសាហាវកំពុងរីករាលដាលស្ទើរពាសពេញពិភពលោកហើយបណ្ដាប្រទេសមួយចំនួនបានដាក់ប្រទេសស្ថិតក្នុងភាពអាសន្ននោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្ដេចមិនចង់ដាក់ប្រទេសក្នុងគ្រាអាសន្ននោះទេព្រោះនឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ចជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្ថែមថា សម្ដេចបានត្រៀមសេចក្ដីព្រាងព្រះរាជក្រឹត្យ រួចរាល់អស់ហើយដើម្បីថ្វាយព្រះមហាក្សត្រ និងព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភាប្រធានព្រឹទ្ធសភាដើម្បីស្នើសុំដាក់ប្រទេសក្នុងគ្រាមានអាសន្ន។

តាមរយៈសារសំឡេងផ្ញើទៅកាន់អាជ្ញាធររាជធានី ខេត្ត និងជនរួមជាតិស្ដីពីស្ថានភាពនិងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩នៅថ្ងៃទី៦ ខែ​ធ្នូ នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសង្កត់ធ្ងន់ថា «ខ្ញុំសូមនិយាយដោយត្រង់ថា ខ្ញុំបានត្រៀមរួចរាល់អស់ហើយនូវព្រះរាជក្រឹត្យ ដើម្បីថ្វាយព្រះមហាក្សត្រ និងសារលិខិត ដើម្បីថ្វាយព្រះមហាក្សត្រដាក់ប្រទេសក្នុងគ្រាមានអាសន្ន ព្រៀងនូវអនុក្រឹត្យ ព្រៀងនូវលិខិតសម្រាប់ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភារួចស្រេចទៅហើយ។ ក៏ប៉ុន្តែខ្ញុំមិនចង់ដើរទៅដល់ជំហានបែបនេះនោះទេព្រោះវាធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានឹងគាំងទាំងស្រុងតែម្តង»។

សម្ដេចនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថា «ប្រសិនបើបិទប្រទេស ឬក៏បិទផ្នែកណាមួយរបស់ប្រទេស ដូចជារាជធានីភ្នំពេញឬខេត្តណាមួយនោះវានឹងធ្វើឱ្យគាំងដំណើរការសេដ្ឋកិច្ច។ជាពិសេសប៉ះពាល់ទៅដល់ការរកស៊ីរបស់ប្រជាពលរដ្ឋរបស់យើង។ប៉ុន្តែអ្វីដែលជាការជំនួសបានយើងអាចយើងខិតខំជំនួសតាមរយៈការប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់។ជាពិសេសការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងតែម្តង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here