សម្ដេចតេជោ បញ្ជាឲ្យអាជ្ញាធរចាត់វិធានការបន្ទាន់បិទហាងឬកន្លែងណា ដែលមិនស្ដាប់តាមការណែនាំ

0
11

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះតាមរយៈសារសំឡេងពិសេសថ្មីមួយទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា» សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អភិបាលរាជធានីខេត្តឱ្យតាមដានឱ្យបានម៉ឺងម៉ាត់ទៅលើទីតាំងអាជីវកម្មទាំងឡាយចំពោះការអនុវត្តន៍នូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថាការចម្លងនៅក្នុងហាងសម្លៀកបំពាក់មួយក្នុងរាជធានីភ្នំពេញគឺបណ្តាលមកពីការអនុវត្តន៍មិនបានត្រឹមត្រូវទៅតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ខ្ញុំសូមរំលឹកចំពោះអភិបាលខេត្ត រាជធានីទាំងអស់ឱ្យបានជ្រាបសូមចុះតាមដានត្រួតពិនិត្យនៅទីតាំងលក់ដូរទាំងអស់ទាំងផ្សារ ទាំងអគារលក់ដូរនានាហើយផ្តល់ការណែនាំឱ្យពួកគាត់អនុវត្តន៍ឱ្យបានត្រឹមត្រូវនូវវិធានការនានាដែលចេញដោយក្រសួងសុខាភិបាល។ ប្រសិនបើទីកន្លែងនោះមិនព្រមអនុវត្តន៍ទេ សូមប្រើអំណាចរបស់រដ្ឋ អភិបាលខេត្ត រាជធានី ដើម្បីបិទហាងនោះជាបណ្តោះអាសន្នសិន »។

សម្តេចតេជោ ហ៊ុន សែន បានស្នើដោយទទូចទៅកាន់ប្រជាពលរដ្ឋឱ្យរួមគ្នាធ្វើតាមវិធានណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាព គម្លាតបុគ្គលជាដើម។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា «ខ្ញុំស្នើសុំដោយទទូចចំពោះហាងលក់ដូរទាំងអស់ អ្នកលក់ដូរ អ្នករកស៊ី អ្នកធ្វើដំណើរតាមដងផ្លូវ ត្រូវប្រកាន់ខ្ជាប់នូវការពាក់ម៉ាស់ ហើយការចូលទៅហាង ឬការទទួលទាននានា ក៏ត្រូវអនុវត្តន៍ទៅតាមគម្លាតសង្គម ដែលបានកំណត់ដោយក្រសួងសុខាភិបាល»។

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង ។

គិតត្រឹមព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សុរបចំនួន ៣៤៦នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ៣០៦នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន៤០នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here