រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា សរុបកើនដល់៣២នាក់

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ទៀត ដែលពាក់ព័ន្ធព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបកើនដល់ ៣២នាក់ និងគ្មានករណីជាសះស្បើយ។

យោងតាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកទាំង២នាក់ ដែលរកឃើញឆ្លងកូវីដ១៩នេះ រួមមាន
-បុរសឈ្មោះ អ៊ី តារា អាយុ២១ឆ្នាំ មានអាស័យដ្ឋានជិតវត្តសន្សំកុសល សង្កាត់បឹងទំពង់ ខណ្ឌមានជ័យ ធ្លាប់ស្នាក់នៅជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលធ្វើការនៅហាង Pedro ផ្លូវព្រះមុនីវង្ស
-ស្ត្រីឈ្មោះ ជី ពេជ្រឆារ៉ា អាយុ២៩ឆ្នាំ មានស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅម៉ោង៨៖៣០នាទីយប់ ដោយមិនមានពាក់ម៉ាសការពារ។

បច្ចុប្បន្នអ្នកទាំង២នាក់នេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាព ចាក់អង្រែ រាជធានីភ្នំពេញ។

សូមជម្រាបជូនផងដែរថា គិតពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានធ្វើតេសត្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សរុបចំនួន១១៣០៥សំណាក ដែលនៅក្នុងចំនួននេះ មានអ្នកវិជ្ជមានកូវីដ១៩ ថ្មីចំនួន ៣២នាក់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខ្មែរសូវៀត និងមណ្ឌលសុខភាព ចាក់អង្រែ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៧ ធ្នូនេះ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៤៨នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយសរុបចំនួន ៣០៦នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ សរុចចំនួន៤២នាក់ (គ្មានអ្នកស្លាប់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here