ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី ៧វិច្ឆិកា នេះបានប្រកាសផ្អាកការចូលមកបំពេញការងារជាបណ្តោះអាសន្ន ចំពោះមន្ត្រីរាជការ ដែលបម្រើការងារ នៅក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ ។
ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ក៏ដូចជា ការឆ្លងរីករាលដាលនៅក្នុងសហគមន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហា ផ្ទៃ បានសម្រេចចេញបទបញ្ជា ដូចខាងក្រោម៖
ទី១-ផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្ន ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ នៅតាមអគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ រហូតដល់មានការជូនដំណឹងជាថ្មី។
ទី២-ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាម អគ្គ-នាយកដ្ឋាន ឬអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ដែល មិនទាន់បានយកសំណាកដើម្បីធ្វើរោគវិនិច្ឆ័យរកវីរុសកូរីដ១៩ ត្រូវរួសរាន់មកយកសំណាក នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ។
ទី៣-ក្នុងអំឡុងពេលនៃការផ្អាកការចេញ-ចូលមកបំពេញការងារជាបណ្តោះអាសន្ននេះ ថ្នាក់ដឹកនាំ មន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅតាមអគ្គនាយកដ្ឋាន ឬ អង្គភាពនានាដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និង ត្រូវណែនាំដល់ក្រុមគ្រួសាររបស់ខ្លួន ឲ្យអនុវត្តវិធានការការពារជំងឺកូវដ១៩ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងជំងឺនេះនៅក្នុងសហគមន៍។
ទី៤-ដើម្បីធានានិរន្តរភាពការងាររបស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារនៅក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវបំពេញការងារពី ចម្ងាយតាមរយៈអនឡាញ។អគ្គនាយកដ្ឋាន និងអង្គភាពនានា ដែលមានទីតាំងស្ថិតក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវចាត់មន្ត្រី ដែលមិនប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ពី ៥ ទៅ ៧នាក់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ហើយត្រូវរៀបចំបញ្ជីឈ្មោះមន្ត្រីប្រចាំ ការទាំងនោះ បញ្ជូនមកអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ នេះ។ មន្ត្រី ដែលត្រូវបានចាត់ឱ្យមកប្រចាំការទាំងនោះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវនូវវិធានការការពារជំងឺកូវីដ ១៩។ ប្រគល់ភារកិច្ចជូន លោក ខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា នាយកខុទ្ទកាល័យសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីដឹកនាំសម្រប សម្រួលការងារមន្ត្រីប្រចាំការនេះ។
ទី៥-អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ត្រូវប្រមូលមកវិញនូវប័ណ្ណចេញ-ចូលទីស្តីការក្រសួងមហាផ្ទៃ ដែលបានផ្តល់ជូនរយោងតាមសេចក្តីណែនាំលេខ ០៥៣ សណន ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ហើយត្រូវរៀបចំប័ណ្ណចេញ -ចូល ថ្មី ដើម្បីផ្តល់ជូនចំពោះតែថ្នាក់ដឹកនាំ និងមន្ត្រីដែលត្រូវបានបាត់ ឱ្យមកប្រចាំការនៅទីស្តីការក្រសួងមហាផ្ទៃ ដូចបានកំណត់ក្នុងចំណុចទី៤ ខាងលើ ។
សម្ដេច ស ខេង បញ្ជាក់ថា ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបំពេញការងារក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃ ត្រូវអនុវត្តតាមបទបញ្ជានេះឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់៕