អ្នកកាសែត​ ដែលផ្សាយព័ត៌មានប្រឌិតខុសវិជ្ជាជីវៈ នឹងត្រូវប្រឈមមុខច្បាប់

0
14

ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយស្នើ អាជ្ញាធរ មានសមត្ថកិច្ច ចាត់វិធានការច្បាប់ ចំពោះអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានមិនពិតប្រាសចាកវិជ្ជាជីវៈ
ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មាន ជាមុនឡើយ ។

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានបានសង្កេតឃើញថា ក្នុងអំឡុងដែលរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តវិធានការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ មានអ្នកសារព័ត៌មានមួយចំនួនតូច មិនបានបំពេញតួនាទីស្របតាមវិជ្ជាជីវៈរបស់ខ្លួន ធ្វើជាស្ពានចម្លងក្នុងការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ មកកាន់រដ្ឋាភិបាល និងពីរាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋនោះទេ តែបែរជាឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៍ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តការងាររបស់អាជ្ញាធរ មានសមត្ថកិច្ច ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ ការទទួលយកសំណូក ឬជំរិតទាប្រាក់ ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយ រំលោភយ៉ាងធ្ងន់ធ្ងរ ខាងផ្នែកវិជ្ជាជីវៈ របស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន។

ក្រសួងបញ្ជាក់ថា «ដើម្បីលុបបំបាត់ភាពអសកម្មរបស់ក្រុមអ្នកសារព័ត៌មានមួយចំនួនតូច ដែលគ្មានវិជ្ជាជីវៈ អគ្គនាយកដ្ឋាន សូមបញ្ជាក់ជូនសាធារណជន និងអាជ្ញាធរពាក់ព័ន្ធ ជ្រាបថាក្នុងករណី បុគ្គលណាដែលរង ផលប៉ះពាល់ពីបញ្ហា ដូចមានជម្រាបខាងងលើ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងមហាផ្ទៃ គាំទ្រឱ្យបុគ្គលនោះប្រើប្រាស់សិទ្ឌិរបស់ខ្លួន ស្របតាមច្បាប់នជព្រះរាជាណាចក្រកម្ពុជា និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនបាច់ជូនដំណឹងមកក្រសួងព័ត៌មាន ជាមុនឡើយ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here