ភ្នំពេញ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញមកបញ្ជាក់ជាថ្មីថា ព័ត៌មានផ្លូវការពី ជំងឺកូវីដ១៩ គឺមានតែក្រសួងសុខាភិបាល និងផេកផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន តែប៉ុណ្ណោះ។
យោងតាមសេចក្ដីថ្លែងការណ៍របស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឲ្យដឹងថា រយៈពេលពេលចុងក្រោយនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កេតឃើញថា មានជនមួយចំនួន បានប្រឌិតផ្សព្វផ្សា យព័ត៌មានអកុសល មិនពិត បំពុលបរិយាកាសសង្គម ក្នុងគោលបំណងធ្វើឲ្យប្រជាពលរដ្ឋច្របូកច្របល់ ស្លន់ស្លា ស្ដីពីបញ្ហានៃការរីករាលដាលជំងឺកូវីត-១៩។
អ្នកនាំពាក្យ មានសេចក្តីសោកស្តាយយ៉ាងខ្លាំង ចំពោះទង្វើខាងលើនេះ ក្នុងពេលដែលរាជរដ្ឋាភិបាល ស្ថាប័នជំនាញ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ រួមជាមួយប្រជាពលរដ្ឋទូទាំងប្រទេស បាននិងកំពុង សហការគ្នា យ៉ាងសស្រាក់សស្រាំ និងម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងបង្ការ ការឆ្លងវីរុសកូរឹត-១៩ នៅក្នុងសហគមន៍។
តាមរយៈសេចក្ដីថ្លែងការណ៍ក៏បានគួសបញ្ជាក់ថា «អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាលជាស្ថានប័នមានអាទិភាព ក្នុងការផ្សព្វផ្សាយ ព័ត៌មាននានា ទាក់ទងការឆ្លងកូវីដ១៩។ដូច្នេះសូមសារធារណជន មេត្តាតាមដានទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី និងដើម្បីជ្រាបច្បាស់អំពីចំណាត់ការនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ក៏ដូចជា ទំព័រហ្វេសប៊ុករបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឬមានចំងល់ចង់ជ្រាបច្បាស់ ជាយថាហេតុណាមួយ សូមទាក់ទងទៅកាន់លេខ១១១»។
ជាមួយគ្នានេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធ អ្នកសារព័ត៌មាន និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ មេត្តាប្រុងប្រយ័ត្ន និងរួមគ្នាទប់ស្កាត់ ចំពោះការផ្សព្វផ្សាយបន្ត ព័ត៌មានប្រឌិត ដែលមិនមែនជាប្រភពផ្លូវការរបស់រដ្ឋាភិបាល (ប្រភពផ្លូវការនោះគឺ ទំព័រហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងទំព័រហ្វេសប៊ុករបស់ក្រសួងសុខាភិបាលតែប៉ុណ្ណោះ ។
អ្នកនាំពាក្យ បន្ដថា សម្តេចតេជោ ហ៊ុន សែន តែងតែផ្តល់ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានចាំបាច់នានា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាលជូនសាធារណជន និងថ្វាយ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ បានជ្រាបមិនថា ពេលយប់ ឬពេលថ្ងៃនៅទីកន្លែងណានោះទេ។ ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាល ក៏បានបញ្ចេញ ព័ត៌មានទាន់ហេតុការណ៍យ៉ាងសកម្ម ពីព្រឹត្តការណ៍សហគមន៍ ២៨ វិច្ឆិកា ផងដែរ។
ជាងនេះទៅទៀត អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកក្រសួងសុខាភិបាល ជាស្ថាប័នមានអាទិភាពក្នុងការផ្សព្វផ្សាយព័ត៌មាននានា ទាក់ទងការឆ្លងវីរុសកូវីដ១៩៕