នាយករដ្ឋមន្ត្រី កម្ពុជាបញ្ជាឱ្យត្រៀមថវិកា ទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ក្នុងដំណាក់កាលដំបូង ១លានដូស

0
9

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នេះ បានបញ្ជាឱ្យ ក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស)។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូចច្នេះថា «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! កន្លងមកជាមួយនឹងការតាមដាន នូវដំណើរការផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អោយត្រៀមបំរុង ថវិកា សម្រាប់ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជន យើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ»។

សម្ដេចបន្តថា ពេលនេះប្រទេសមួយចំនួន ផលិតបាននិងដាក់អោយប្រើប្រាស់ហើយ នឹងកំពុងបញ្ចេញលក់ អោយប្រទេសនានាផងដែរ។ ល្ងាចនេះសម្ដេចបានណែនាំ អោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំង ពីប្រទេសណា។

ជាមួយគ្នានេះ សម្ដេចក៏បាន ក៏បានណែនាំរដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន ១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ ១០លាននាក់ ត្រូវការចាក់វ៉ាក់សាំង។

សម្ដេចបញ្ជាក់បន្ថែមថា ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្ដេចបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែម មកជួយដល់ប្រជាជនយើង។ យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។

សម្ដេចបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀម ថវិកាសម្រាប់ទិញ២ ទៅ៣លានដូស ថែមទៀតផងដែរសម្រាប់ ដំណាក់កាលបន្ទាប់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here