ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ថែមទៀត សរុបកើនដល់៣៤នាក់

0
9

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro ។

យោងតាមសេចក្ដីប្រកាសព័ត៌មានបានអោយដឹងថា អ្នកទាំង២នាក់ដែលឆ្លងកូវីដ១៩ រួមមាន៖ ១៖ បុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស៊្រុន អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើសំណាកបុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។

ចំណែកអ្នកជាសះស្បើយម្នាក់ គឺជាស្ត្រីជនជាតិខ្មែរ-អាមេរិកាំង ឈ្មោះ ឈួយ សារូ អាយុ៤៥ឆ្នាំ ស្នាក់នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន ធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែ។

សម្រាប់លទ្ធផលធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា», នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៦ ធ្នូ ចំនួន២២៨ សំណាក បូកបន្ថែមចំនួនវត្ថុសំណាកទទួលបានបន្ថែមពីខេត្ត និងរាចធានីភ្នំពេញ ដែលធ្វើតេស្តលើកទី២ សម្រាប់ «ព្រឹត្តិការណ៍សហគមន៍ ២៨ធ្នូ» សុរបមានចំនួន ២៤៨៣សំណាក់ ត្រូវបានធ្វើតេស្តវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន២នាក់ (ដែលជាអ្នកជំងឺខាងលើ) ។ ដោយឡែកមាននៅវត្ថុសំណាកចំនួន ១៦០៥សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃនេះ។

សូមជម្រាបថា គិតថ្ងៃទី៨ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៥០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន៣០៧នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន៤៣នាក់(គ្មានអ្នកស្លាប់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here