អាជ្ញាធរជាតិអប្សរា ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះបុគ្គលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ បើមិនព្រមបញ្ឈប់ជាបន្ទាន់

0
10

ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានលើកឡើងថាបុគ្គលដែលប្រកាសលក់ដូរដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរដែលជាបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមវិធានការផ្លូវច្បាប់ប្រសិនបើមិនបញ្ឈប់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីអនុវត្ត គោលការណ៍ច្បាប់ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាព អាជ្ញាធរជាតិអប្សរាសូមធ្វើការអំពាវនាវដល់បុគ្គល ដែលមានគណនីហ្វេសប៊ុក ឈន់ វ៉ាន់នួន និងបុគ្គលផ្សេងទៀតដែលកំពុងតែប្រកាសលក់ដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមប្រព័ន្ធទំនាក់ទំនងសង្គម ឲ្យបញ្ឈប់នូវសកម្មភាពរបស់ខ្លួនជាបន្ទាន់។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាពនេះទេ អាជ្ញាធរជាតិអប្សរានឹងចាត់វិធានការទៅតាមផ្លូវច្បាប់ជាធរមាន។

ម្យ៉ាងទៀតដេីម្បីបង្ការការខូចខាតផល ប្រយោជន៍របស់សាធារណជនដែលកេីតឡេីងពីការទិញដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរអាជ្ញាធរជាតិអប្សរាក៏សូមអំពាវនាវផងដែរដល់សាធារណជនដែលមានបំណងទិញដីធ្លីក្នុងតំបន់នេះ សូមកុំទិញឱ្យសោះ និងសូមធ្វើការទំនាក់ទំនងមកកាន់អាជ្ញាធរជាតិអប្សរា បេីមានចម្ងល់ទាំងឡាយណាពាក់ព័ន្ធនឹងការគ្រប់គ្រងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរតាមលេខទូរសព្ទ ០៩២ ៨៩ ៩៩ ៦៦។

សូមបញ្ជាក់ថាដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរគឺជាតំបន់មានស្ថានីយបុរាណវត្ថុសំខាន់ៗដែលត្រូវការកិច្ចការពារកម្រិតខ្ពស់បំផុត (តំបន់១) និងជាតំបន់សម្បូរសំណល់បុរាណវត្ថុដែលត្រូវការពារទប់ទល់នឹងនឹងការប្រេីប្រាស់ដីធ្លីផ្តេសផ្តាសនិងការអភិវឌ្ឍន៍មិនសមស្រប(តំបន់២)។ ការលក់ទិញដីធ្លីក្នុងតំបន់នេះ គឺផ្ទុយនឹងច្បាប់ដែលមានចែងក្នុងព្រះរាជក្រឹត្យលេខ០០១ ន.ស ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៤ ស្តីពីការកំណត់ និងការចាត់ចែងគ្រប់គ្រងតំបន់សៀមរាបអង្គរ និងសេចក្តីសម្រេចលេខ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ របស់រាជរដ្ឋាភិបាល ស្តីពីការកំណត់បទដ្ឋាននៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២៕

LEAVE A REPLY

Please enter your comment!
Please enter your name here