ភ្នំពេញ៖ ដើម្បីបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែខ្លាំង
សមាគមធនាគារ និងហិរញ្ញវត្ថុ បានចេញសេចក្តីថ្លែងការណ៍រួមមួយដោយលើក ទឹកចិត្តដល់សាធារណជនទាំងអស់ឱ្យ ធ្វើការទូទាត់ប្រាក់តាមប្រព័ន្ធ អេឡិចត្រូនិក។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដោយពិនិត្យឃើញការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ ដែលឆ្លងចូលសហគមន៍ នាពេលថ្មីៗនេះ និងសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ស្ដីអំពីលទ្ធភាពនៃ ការឆ្លង ជំងឺកូវីដ-១៩ តាមរយៈការប្រើប្រាស់ក្រដាសប្រាក់ ព្រមទាំង ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
សមាគមធនាគារ និងហិរញ្ញវត្ថុ បានបញ្ជាក់ថា «សូមលើកទឹកចិត្តដល់ សាធារណជន អតិថិជន និងអាជីវករទាំងអស់ ឲ្យធ្វើការទូទាត់តាមប្រ ព័ន្ធអេឡិចត្រូនិក ដែលផ្តល់ដោយ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ»។
ក្នុងស្ថានភាពនេះ សមាគមធនាគារ និងហិរញ្ញវត្ថុ បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយ ធនាគារជាតិនៃកម្ពុជា ក្នុងការសម្រួលឲ្យមានការទូទាត់ជាអេឡិចត្រូនិកឆ្លងគ្រឹះស្ថានកាន់តែមានភាពងាយស្រួល ឆាប់ រហ័ស សុវត្ថិភាព និងមានកម្រៃសេវាសមរម្យ តាមរយៈការកែសម្រួលនូវលក្ខខណ្ឌផ្សេងៗដែលនឹងត្រូវជូន ដំណឹងក្នុងពេលឆាប់ៗ ខាងមុខ។
ទន្ទឹមនឹងនេះដែរ វិស័យធនាគារ និងហិរញ្ញវត្ថុ ក៏លើកទឹកចិត្តដល់សាធារណជនទាំងអស់ឲ្យទាញយក កម្មវិធីទូទាត់ និងកម្មវិធីធនាគារឌីជីថល ដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមកប្រើប្រាស់។ចាប់ពីថ្ងៃជូនដំណឹងនេះទៅ ព័ត៌មានផ្សេងៗ ស្តីពីជម្រើស និងការណែនាំអំពីការប្រើប្រាស់សេវាទូទាត់ និងសេវាធនាគារឌីជីថលនឹងត្រូវបាន ផ្តល់ជូនតាមរយៈបណ្តាញសង្គម និងសារព័ត៌មានសំខាន់ៗក្នុងប្រទេសកម្ពុជា៕