សម្ដេច ហេង សំរិន បរិច្ចាគប្រាក់ខែចំនួន ៦ខែ សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនពលរដ្ឋដោយឥតគិតថ្លៃ

0
9

ភ្នំពេញ៖ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានប្រកាសបរិច្ចាគប្រាក់បៀវត្សផ្ទាល់ខ្លួន ក្នុងមួយខែ ៨លានរៀល រយៈពេល ៦ខែ សរុបចំនួន ៤៨លានរៀល ចាប់ពីខែធ្នូ ឆ្នាំ២០២០ តទៅ សម្រាប់ចូលរួមទិញ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បី ចាក់ ជូនពលរដ្ឋ ដោយឥតគិតថ្លៃ។

ការប្រកាសបរិច្ចាគប្រាក់ខែ របស់សម្ដេច ហេង សំរិន ធ្វើឡើងបន្ទាប់ពី កាលពីរសៀលថ្ងៃទី៧ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួងសុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស)។

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ធ្នូនេះ សម្ដេច ហេង សំរិន សម្តែងការកោតសរសើរ ដល់រាជរដ្ឋាភិបាល ដែលជានិច្ចកាលតែបានគិតគូរ និងយកចិត្ត ទុក ដាក់ខ្ពស់ ដល់សុខុមាលភាពប្រជាពលរដ្ឋ ជាពិសេស ក្នុងដំណាក់កាលជួប វិបត្តិកូវីដ-១៩ ដោយបានដាក់ចេញនូវ វិធានការ យ៉ាងម៉ឹង មាត់ និងគ្រប់ជ្រុង ជ្រោយ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ជាមួយគ្នានេះ សម្ដេចក៏បានលើកទឹកចិត្ត ដល់សមាជិក សមាជិ កា រដ្ឋសភាទាំងអស់ មេត្តាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល នៅក្នុងបេសកកម្ម មនុស្សធម៌ ដ៏ឧត្តុង្គ ឧត្តម នេះ តាមលទ្ធភាពរៀងៗខ្លួន ដើម្បីចូលរួមថែរក្សាការពារ សុខភាពប្រជាពលរដ្ឋយើង។

ជាថ្មីម្តងទៀត សម្ដេច ហេង សំរិន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា មេត្តាបន្តធ្វើចត្តាឡីស័ក និងធ្វើតេស្តលើកទី២ និងលើកទី៣ តាមការកំណត់របស់ ក្រសួងសុខាភិបាល ឲ្យ ហ្មត់ចត់ ត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ-១៩ បង្ករជាគ្រោះមហន្តរាយធ្ងន់ធ្ងរ ដល់សង្គម ជាតិយើង។

សម្ដេច ក៏អំពាវានាវដល់ជនរួមទាំងអស់ បន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន រាល់វិធានការការពារ ទាំង ឡាយ ដែលបានដាក់ចេញ ដោយក្រសួងសុខាភិបាល ដូចជាត្រូវពាក់ម៉ាសជានិច្ច គួរជៀសវាង ការ ជួប ជុំគ្នា ដែលមានមនុស្សច្រើន ត្រូវរក្សាគម្លាតសង្គមនិងបុគ្គល និងឧស្សាហ៍លាងសម្អាតដៃ ជា ប្រចាំ ហើយមិនត្រូវចេញពីផ្ទះឡើយ បើមិនមានការចាំបាច់។

សម្ដេច ហេង សំរិន ក៏បានជូនពរជនរួមជាតិ ទទួលបានសេចក្តីសុខ និងសុភមង្គលគ្រប់ក្រុមគ្រួសារ និងសូមឲ្យជំងឺកូវីដ-១៩ ដ៏សាហាវនេះ ជៀសចេញចាកឆ្ងាយពីសលកលោកយើងនេះ ក្នុងពេលឆាប់ៗនេះទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here