ភ្នំពេញ៖ អ្នកតំណាងរាស្ត្រ ហ៊ុន ម៉ានី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគប្រាក់បៀវត្សចំនួន ៧ខែ ១០០ភាគរយ ក្នុងឆ្នាំ២០២១ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ទិញវ៉ាក់សាំងការពារកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
កាលប្រកាសបរិច្ចាគ របស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីការត្រៀមថវិកាសម្រាប់ការទិញ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ក្រោយការប្រកាសបរិច្ចាគប្រាក់ខែរួច លោក ហ៊ុន ម៉ានី បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា «ពេលនេះ ជាងពេលណាៗទាំងអស់ ក្នុងសន្តិភាព ដែលយើងត្រូវរួមគ្នាជាមួយរាជរដ្ឋាភិបាល ក្រោមដំបូលគ្រួសារខ្មែតែមួយ ដើម្បីសេចក្តីសុខកូនចៅយើង។ ពិតណាស់ រាជរដ្ឋាភិបាល មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ១៩នេះ ប៉ុន្តែការចូលរួមនៅពេលនេះ ទោះតិចក្តី ច្រើនក្តី ជាការបង្ហាញនូវទឹកចិត្ត ជាស្មារតី និងជាក្តីសង្ឃឹមសម្រាប់ សង្គមយើងទៅថ្ងៃអនាគត»៕