ភ្នំពេញ៖ អ្នកស្រី ចោម ខ្វាន់ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ៤លានរៀលជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការប្រកាសរបស់ អ្នកស្រី ចោម ខ្វាន់ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
អ្នកស្រី ចោម ខ្វាន់ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា «នាងខ្ញុំ ចោម ខ្វាន់ សូមចូលរួមឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ៤លានរៀល ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល ដេីម្បីត្រៀមទិញវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាពលរដ្ឋកម្ពុជា ។ សូមជូនពរអោយប្រជាពលរដ្ឋខ្មែរទាំងអស់ មានសុខភាពល្អជៀសផុតជម្ងឺកូវីត19 ហើយកុំភ្លេចត្រូវមានអនាមយ័ជានិច្ចពាក់ម៉ាស់ លាងដៃនឹងសាប៊ូបាញ់អាល់កុលរក្សារគុំលាតនឹងការជួបជុំបើមិនមានការចាំបាច់ទេសូមកុំចេញពីផ្ទះ»។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕


