នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួម កិច្ចប្រជុំកំពូលស្តីពី ការប្តេជ្ញាចិត្តពាក់ព័ន្ធនឹង អាកាសធាតុ នៅថ្ងៃទី១២ ធ្នូ

0
8

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួម «កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹង អាកាសធាតុ» នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ តាមរយៈវីដេអូថតទុកជាមុន ដែលកិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រារព្ធខួបលើកទី៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៩ ធ្នូនេះ បានឲ្យដឹងថា ការអញ្ជើញចូលរួមរបស់សម្ដេច ធ្វើឡើងតបតាមការអញ្ជើញរួមរបស់លោក អាន់តូនីញ្ញូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេសលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក សេបាស្ទៀន ភីណេរ៉ា អ៊ីឆែនិក ប្រធានាធិបតីស៊ីលី និងលោក
ហ្សូហ្សេប៉េ កុងតេ នាយករដ្ឋមន្រ្តីអ៊ីតាលី ។

កិច្ចប្រជុំកំពូលនេះ នឹងផ្តល់ជាវេទិកាមួយសម្រាប់ភាគីនានា នៃអនុសញ្ញាក្របខណ្ឌអង្គការ សហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តថ្មី ប្រកបដោយមហិច្ឆតា ដែលទាក់ទងនឹង (១) ការប្តេជ្ញាចិត្តថ្មី និងបន្ថែមទៀតនៃការចូលរួមរបស់ប្រទេសនីមួយៗ (២) យុទ្ធសាស្រ្តរយៈពេលវែង ក្នុងការដាក់ចេញទិសដៅទៅរក ការបំភាយឧស្ម័នរហូតដល់កម្រិត សូន្យ (៣) ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងអាកាសធាតុ និង (៤) ផែនការបញ្ចូលការ ប្តេជ្ញាចិត្តទៅក្នុងការដាក់ចេញ គោលនយោបាយនានា។

ថ្លែងនៅក្នុងសុន្ទរកថា ប្រកបដោយអត្ថន័យ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងគូសបញ្ជាក់អំពី ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃ ការប្រែប្រួលអាកាសធាតុ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ពិភពលោក ដែលទាមទារការដោះស្រាយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ សម្តេចតេជោ នឹងលើកឡើងផងដែរអំពីការប្តេជ្ញាចិត្ត របស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដោយមានវិធានការ និងយុទ្ធសាស្រ្តច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព បើទោះបីជាកម្ពុជាមានចំណែកតិចតួច ក្នុងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់សកលក្តី ៕

LEAVE A REPLY

Please enter your comment!
Please enter your name here