ភ្នំពេញ៖ កាល ពី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកMichael Tan ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឪកាសដែល លោកត្រូវបញ្ចប់អាណតិ្តបេសកកម្មការទូតនៅកម្ពុជា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។
នៅក្នុងជំនួបនេះ លោក Michael Tan បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបង្កលក្ខណៈដល់បេសកម្មការទូតរបស់លោកទទួលបានជោគជ័យគួរជាទីមោទៈ និងបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩។
ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ផ្តើមចេញពីទំនាក់ទំនងនៃរយ:កាលដ៏យូរអង្វែងតាំងពីឆ្នាំ១៩៦៥ ហើយដែលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងអាណត្តិរបស់ លោក Michael Tan ការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែមានភាពជិតស្និទ្ធ ជាពិសេសតាមរយ:សមិទ្ធផលការងារជាច្រើន ដែល លោក ឯកអគ្គរដ្ឋទូត សម្រេចបាន។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថានឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរនិយាយជារួម និងនិយាយដោយទ្បែករវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត៕
![](https://i0.wp.com/champeynews.com/wp-content/uploads/2020/12/675.jpg?resize=696%2C465&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2020/12/674.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2020/12/676.jpg?resize=696%2C433&ssl=1)
![](https://i0.wp.com/champeynews.com/wp-content/uploads/2020/12/677.jpg?resize=696%2C464&ssl=1)