ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធាបញ្ចប់អាណតិ្ត នៃសាធារណរដ្ឋ សហភាពមីយ៉ាន់ម៉ា ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

0
10

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យឧត្តមសេនីយ៍ត្រី Win Ko Ko អនុព័ន្ធយោធានៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសបញ្ចប់អាណតិ្តបេសកម្មនៅកម្ពុជា ក្រោយពីបានបំពេញភារកិច្ចអស់រយៈកាលជិតបីឆ្នាំកន្លងមកនេះ។

នៅក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី Win Ko Ko បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភម៉ាស់ និងសម្ភារៈបរិក្ខាពេទ្យដល់ប្រទេសមីយ៉ាន់ម៉ា ក៏ដូចជាថ្លែងអំណរគុណដល់កងយោធពលខេមរភូមិន្ទ ដែលបានបង្កលក្ខណៈដល់បេសកម្មករបស់លោកទទួលបានជោគជ័យ។
ជាមួយគ្នានេះ លោកបានសម្តែងនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានចាត់វិធានការត្រឹមត្រូវ និងទាន់ពេលវេលាក្នុងការទប់ស្កាត់ការរីករាលដាលនៃជម្ងឺរាតត្បាតសាកលកូវីដ-១៩ ក៏ដូចជាការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ។

ជាកិច្ចឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងបានកត់សម្គាល់ថា ឆ្នាំ២០២០នេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតចំណងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលជាទំនាក់ទំនងមិត្តភាពដ៏យូរអង្វែងមួយ។ ជាមួយគ្នានេះ លោកក៏បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ជីវិតប្រជាជនមីយ៉ាន់ម៉ាប្រមាណជាងពីរពាន់នាក់ដោយសារជម្ងឺរាតត្បាតសាកលកូវីដ-១៩។ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចតេជោ លោកមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការងារបន្តរអប់រំ និងណែនាំប្រជាពលរដ្ឋឱ្យចូលរួមក្នុងការបង្ការការពារ និងទប់ស្កាត់មិនឱ្យរាលដាលចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ និងការផ្តោតទៅលើវិធានការក្នុងការស្រោចស្រង់ទ្បើងវិញ ព្រោះស្ថានការណ៍របស់ជម្ងឺរាតត្បាតនេះទាមទារអោយយើងបន្តយកចិត្តទុកដាក់ ហើយអនុវត្តនូវរបត់នៃការរស់នៅធម្មតា តាមបែបគន្លងថ្មី ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយប្រកាន់យកនូវការអនុវត្ត អនាម័យ រក្សាគម្លាតសុវត្ថិភាពសង្គម និងសុវត្ថិភាពបុគ្គលជាចាំបាច់។

ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ក៏បានបញ្ជាក់ថានឹងបន្តខិតខំចូលរួមចំណែកពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ពជើងគោកឱ្យកាន់តែមានសន្ទុះខ្លាំងឡើងបន្ថែមទៀត ហើយបានចូលរួមអបអរសារទរចំពោះការទទួលធ្វើជាម្ចាស់ផ្ទះរបស់កងទ័ពនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នូវព្រឹត្តិការណ៏ ACAMM, AARM, ASMAM, និង AAISW ក្នុងឆ្នាំ ២០២១ ខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here