ភ្នំពេញ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ទោះបីកម្ពុជាមានវ៉ាក់សាំង ក៏មិនមែនមានន័យថា យើងអាចត្រលប់ទៅប្រក្រតីភាពវិញភ្លាមនោះទេ។
តាមរយ:កិច្ចសម្ភាស៍ ជាមួយទូរទស្សន៍ BTV កាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០លោកស្រីបានបញ្ជាក់ថា” ខ្ញុំសូមធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទោះបីជាយើងមាន វ៉ាក់សាំងក៏ដោយ វ៉ាក់សាំងនេះ មិនមែនជាចំលើយ តែមួយគត់ សម្រាប់ការការពារមិនឲ្យចម្លងមេរោគកូវីដ១៩ នោះទេ មិនមែនមានវ៉ាក់សាំង ហើយលេងខ្វល់លេងធ្វើអ្វីទាំងអស់មិនមែនទេ នេះជាគ្រោះថ្នាក់ ប្រសិនបើយើងគិតថា មានវ៉ាក់សាំង ហើយលេងគិតអ្វីទាំងអស់ “។
លោក ស្រីបន្ថែមថា សំខាន់ណាស់អ្វីដែលជាសាររួមគ្នា ដែលអង្គការសុខភាពពិភពលោក កំពុងអំពាវនាវទៅដល់បណ្ដាប្រទេស ទាំងអស់ នៅលើសកលលោកនេះថានៅពេលវ៉ាក់សាំង យកមកប្រើប្រាស់ហើយក៏សូមឲ្យបងប្អូន ប្រជាពលរដ្ឋទាំងអស់មិនត្រូវភ្លេចអំពីវិធានការ ការពារខ្លួន ជាពិសេសចំណុច៣នៅតែសំខាន់បំផុត គឺការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពបុគ្គលឲ្យលើសពី១ម៉ែត្រកន្លះ។
គូសបញ្ជាក់ថា សម្ដេតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ អោយត្រៀមបំរុង ថវិកាសម្រាប់ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ជាជំហានដំបូងចំនួន ១លានដូសដើម្បីចាក់ជូនពលរដ្ឋដោយឥតគិតថ្លៃ។
សូមរំលឹកថា គិតព្រឹកថ្ងៃទី៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់ (គ្មានអ្នកស្លាប់)៕