ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានលើកឡើងថា មន្រ្តីអនុវត្តច្បាប់ ដែលប្រព្រឹត្តទង្វើខុសច្បាប់ និងខ្វះក្រមសីលធម៍វិជ្ជាជីវៈ ត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់។
ការលើកឡើងបែបនេះធ្វើឡើង ក្រោយ ពីមាន ករណីប្អូនស្រី ផាន សុគន្ធារី និងប្អូនប្រុស ស៊ូ ដារ៉ា ដែលបានដាក់ពាក្យគោរព មកសុំក្តីសណ្តោស ពីសម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីពេលថ្មីៗកន្លងទៅ ពេលនេះប្អូនស្រីបានជួបជុំប្តី កូនប្រុសអាយុ៥ឆ្នាំ ហើយក៏សម្រាលបានកូនតូច គួរអោយស្រឡាញ់ ដែលបានអាយុ២០ថ្ងៃហើយ ។ ប៉ុន្តែ ជាអកុសល ប្អូនទាំងពីរក្រោយពីបានជួបជុំ ក្រុមគ្រួសាររួចមក ក៏ត្រូវបានជនខិលខូច ដែលមានជំនាញបច្ចេកវិទ្យា (IT) បានលួចដកយកលុយ ពីគណនីក្នុងធនាគារ ABA អស់ $15,800 ។ ថ្មីៗនេះជនខិលខូច ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បាននៅខេត្តកំពង់ឆ្នាំង ហេីយភ្លាមៗនោះ សមត្ថកិច្ចបានដកហូតលុយ $15,800 ដែលជននេះលួច ដកបង្វិលចេញទៅ Account ផ្សេងប្រគល់ទៅអោយប្អូនស្រី ផាន សុគន្ធារី និង ស៊ូ ដារ៉ា វិញ។ ការលួចដកលុយ (transfer) ចេញពី Account របស់ប្អូនទាំង២ បញ្ជូនចេញទៅគណនី ជនល្មើសកន្លងមក គឺធ្វើតាម ABA App លើទូរស័ព្ទដៃរបស់ប្អូនទាំង២ ដែលទូរស័ព្ទនេះ ត្រូវបានដកហូតទុក ជាវត្ថុតាងចាប់យក និងរក្សាទុកដោយមន្រ្តី អនុវត្តច្បាប់ម្នាក់។
លោក ដួង តារា បញ្ជាក់ថា “រឿងបុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ នូវអ្វីដែលខ្លួនបានប្រព្រឹត្តខុស ហើយមិនត្រូវអូសអង្គភាព ស្ថាប័ន ឬក្រសួងមកពាក់ព័ន្ធជាមួយ អំពើល្មើសដែលខ្លួន បានប្រព្រឹត្តឡើយ។ នេះក៏ជាមេរៀន សម្រាប់មន្រ្តីនានា ដែលមានភារកិច្ចដូចនេះ កុំអោយបន្តប្រព្រឹត្តខុសយកទូរស័ព្វ និងលេខសំងាត់(Password) ជនរគ្រោះទៅលួចដកលុយ ដូចករណីខាងលើ គឺខុសនឹងច្បាប់ធ្ងន់ធ្ងរ ។ មន្រ្តីអនុវត្តច្បាប់ ដែលប្រព្រឹត្តិទង្វើខុសច្បាប់ និងខ្វះក្រមសីលធម៍វិជ្ជាជីវៈ បែបនេះត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់ ។ យើងក៏មិនត្រូវលើកទឹកចិត្ត អោយមន្រ្តីខិលខូច ធ្វេីបាបពលរដ្ឋស្លូតត្រង់ ហេីយបន្តប្រព្រឹត្តិ អំពើខុសច្បាប់ និងខុសក្រមសីលធម៍ វិជ្ជាជីវៈតទៅទៀតឡើយ។យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិត ស្រឡាញ់ពលរដ្ឋ យើងគ្រប់ទីកន្លែងដោយគ្មាន ការរើសអើង”៕