ដំណឹងល្អ! ចាប់ពីពេលនេះតទៅ ជនពិការ មានសិទ្ធិទទួលបាន ប័ណ្ណបើកបរយានយន្ត ហើយ

0
9

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាបានអោយដឹងថា ចាប់ពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ ជនមានពិការភាព មានសិទ្ធិទទួលប័ណ្ណបើកបរ ស្របច្បាប់ដើម្បីប្រើប្រាស់ យានយន្តនៅកម្ពុជាហើយ ។

តាមរយៈហ្វេសប៊ុកលោក ឯម ច័ន្ទមករា បានសរសេរយ៉ាងដូច្នេះថា «ប្រភេទយានយន្ត សម្រាប់ជនមានពិការភាព រួមមាន៖ ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំង លើសពី១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូប ឬមានថាមពលអគ្គិសនីលើសពី ១១(ដប់មួយ)គីឡូវ៉ាត់ ទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន រថយន្តដឹកអ្នកដំណើរមិនលើស ពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញ ដែលមានទម្ងន់សរុប អតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន គឺជនមានពិការភាព អាចមានសិទ្ធិ ប្រើប្រាស់បាន»។

លោកបន្តថា ផ្នែកសំខាន់ៗ នៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្នឹង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអី សម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្របបង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។ សុពលភាពប័ណ្ណបើកបរ សម្រាប់ជនមានពិការភាព ជាប្រជាពលរដ្ឋខ្មែរ ឬបរទេសដែលបានប្រឡងជាប់ មានសុពលភាពរយៈពេល ១០ឆ្នាំ ដូចប្រជាពលរដ្ឋទូទៅ។ សុពលភាពប័ណ្ណបើកបរ សម្រាប់ជនមានពិការភាព ជាជនបរទេសហើយ ដែលត្រូវប្ដូរមកប័ណ្ណបើកបរ កម្ពុជាមានសុពលភា ពរយៈពេល ១ឆ្នាំម្ដង។

ឆ្លៀតក្នុងឱកាសនេះ លោក ឯម ច័ន្ទមករា បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សា សកម្មភាពជនពិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសុខាភិបាល ដែលបានចូលរួម ធ្វើឱ្យប្រកាសអន្តរក្រសួងនេះ ចេញជារូបរាងក្នុងទិសដៅ បម្រើឲ្យផលប្រយោជន៍ ដ៏ឧត្តុង្គឧត្តម សម្រាប់ជនមានពិការភាព ដែលជាសមិទ្ធផលថ្មី មួយទៀត នៃវិស័យពិការភាព នៅក្នុងអាណត្តិ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោក ក៏បានអំណរគុណចំពោះ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក វង់ សូត្រ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានផ្ដល់ការគាំទ្រនិងឯកភាព ដាក់ឲ្យចេញនូវប្រកាសអន្តរក្រសួង ដ៏មានសារសំខាន់នេះឡើង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here