រកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី២នាក់ ម្នាក់ឆ្លងក្នុងសហគមន៍ ម្នាក់ទៀតជាករណីនាំចូល

0
8

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ បានអោយដឹងថាក្រសួងបាន រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២នាក់ថែមទៀត ក្នុងនោះអ្នកឆ្លងម្នាក់ ពាក់ព័ន្ធជាមួយព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា និងម្នាក់ទៀតជាករណីនាំចូល ដែលធ្វើដំណើមកពីប្រទេសជប៉ុន និងគ្មានករណីជាសះស្បើយ។

យោងតាម សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង២នាក់នេះរួមមាន៖

១៖ បុរសជនជាតិខ្មែរ ឈ្មោះ ខន ប្រសើរ អាយុ៣៧ឆ្នាំ ស្នាក់នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានទៅហាង Zando សាខាបឹងកេងកង។ លទ្ធផលធ្វើតេស្តសំណាករបស់បុគ្គលខាងលើនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២៖ បុរសជនជាតិខ្មែរ ឈ្មោះ យ៉េ វាសនា អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង តាមជើងហោះហើរមកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់បុគ្គលនេះផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានកូវីដ១៩ ហើយបច្ចុប្បន្នអ្នកជំងឺកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបចំនួន៥០នាក់ ដែលក្នុងចំនួននេះ មានបុគ្គលខាងលើនេះផងដែរ។ មានបុរសចំនួន២នាក់ បានធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក របស់ពួកគាត់ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលលទ្ធផលវិជ្ជមាន ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ។ រីឯអ្នកដំណើរចំនួន ៤៧នាក់ ដែលអវិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅមណ្ឌលទ័ពអាកាស ៣៥នាក់ និងនៅសណ្ឋាគារមួយចំនួន ១២នាក់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៥៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ សរុបចំនួន៣០៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន ៤៩នាក់(គ្មានអ្នកស្លាប់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here