ភ្នំពេញ÷ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យអ្នកប្រកបអាជីវកម្មតាមសមុទ្រប្រុងប្រយ័ត្នចំពោះអាកាសធាតុមិនល្អ ដែលបង្កឱ្យមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗ ដែលងាយប្រឈមនឹងគ្រោះថ្នាក់ កើតឡើងជាយថាហេតុ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗ សម្រាប់ការដឹកជញ្ជូនតាមនាវានៅខេត្តតំបន់ឆ្នេរ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ មេត្តាជ្រាបថា បច្ចុប្បន្ន ស្ថានភាពអាកាសធាតុនៅខេត្តតំបន់ឆ្នេរ ប្រទេសកម្ពុជាកំពុងមានខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់ៗដែលអាចបង្កឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងខូចខាត ទ្រព្យសម្បត្តិ។
ក្រសួងសាធារណការនិងដឹកជញ្ជូនសង្កេតឃើញថា កន្លងមកមានម្ចាស់ទូកមួយចំនួនតូចពុំបានចូលរួមអនុវត្ត ទៅតាមការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហាអាកាសធាតុឡើយ ដូច្នេះក្រសួងសូមធ្វើការអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ដឹកជញ្ជូនតាមនាវា ម្ចាស់នាវា អ្នកបើកបរនាវា នាវិក និងបងប្អូនប្រជានេសាទទាំងអស់ ឱ្យបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដោយបំពាក់ឧបករណ៍សុវត្ថិភាពឱ្យបានគ្រប់គ្រាន់ ទៅតាមចំនួនអ្នកដំណើរដែលមានដូចជា អាវពោង ពោងកង ពោងស ខ្សែពួរ។ល។
ក្រសួងបន្ថែមថា ត្រូវតាមដានលើបញ្ហាប្រែប្រួលអាកាសធាតុ ឱ្យបានគ្រប់គ្រាន់ ដោយមិនត្រូវចេញទៅ ឆ្ងាយពីច្រាំងនៅពេលមានរលកធំៗ និងមានអាកាសធាតុមិនល្អឡើយ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើត មានឡើងជាយថាហេតុ ព្រមទាំងចូលរួមអនុវត្តឱ្យបានល្អទៅតាមការផ្សព្វផ្សាយ ឬការណែនាំរបស់សមត្ថកិច្ចស្តីពីបញ្ហា អាកាសធាតុ៕