ក្រសួងអប់រំ អនុញ្ញាតឱ្យរៀបចំ ការប្រឡងបាក់ឌុប នៅតាមគ្រឹះស្ថានសិក្សា រៀងៗខ្លួន

0
14

ភ្នំពេញ÷ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជម្រាបទៅលោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាស្តីពីការកំណត់សម័យប្រឡងនិងដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ តាមគ្រឹះស្ថានមធ្យមសិក្សា ដោយកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ជាថ្ងៃប្រឡង។

យោងតាមលិខិតរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ផ្ញើជូនប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះថា បន្ទាប់ពីទទួលបានគោលការណ៍ អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡានឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។ ក្រសួងនឹង ប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវទាំងស្រុងទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រងនៃគ្រឹះស្ថានមធ្យមសិក្សាទាំងក្នុងដំណាក់កាលរៀបចំដំណាក់កាលសំណេរដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។

ក្រសួងអប់រំ យុវជន និងកីឡានឹងទទួលស្គាល់លទ្ធផលនៃការប្រឡងតាម គ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋានសម្រាប់ការចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្រសួងសម្រេចកំណត់ សម័យប្រឡង ៖ ១១ មករា ២០២១ ជាកាលបរិច្ឆេទនៃការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួងនឹងចេញសេចក្តីណែនាំលម្អិតស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។

ក្នុងន័យនេះ ក្រសួងស្នើសុំឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ ព័ត៌មានត្រឡប់អំពី គ្រឹះស្ថានសិក្សាឯកជនដែលមិនមានលទ្ធភាពរៀបចំការប្រឡងដោយខ្លួនឯងមកក្រសួងវិញត្រឹមថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២០ ដើម្បីធ្វើការពិនិត្យនិងសម្រេច៕

LEAVE A REPLY

Please enter your comment!
Please enter your name here