នៅពេលដែលការប្រណាំងជាសកលដើម្បីផលិតវ៉ាក់សាំង Covid-19 នៅតែបន្ត ប្រទេសចិនហាក់ដូចជាបានបោះជំហានយ៉ាងលឿនដោយមានក្រុមអ្នកផលិតវ៉ាក់សាំង “ស៊ីណូវ៉ាក” មួយដែលកំពុងនាំមុខគេនៅបរទេស ។ ការដឹកជញ្ជូនវ៉ាក់សាំង ស៊ីណូវ៉ាក ចំនួន១.២ លានដូស ចេញពីទីក្រុងប៉េកាំងបានទៅដល់ប្រទេសឥណ្ឌូនេស៊ីហើយដើម្បីរៀបចំសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដ៏ធំមួយ ហើយចំនួន ១.៨ លានដូសទៀតនឹងទៅដល់នៅដើមខែមករាខាងមុខ ។ ប៉ុន្តែវ៉ាក់សាំងនេះមិនទាន់បានបញ្ចប់ ការសាកល្បង ដំណាក់កាលចុងក្រោយ របស់ខ្លួន នៅឡើយ ដែលបង្កើតជាចំងល់ថា តើយើងដឹងច្បាស់ អំពីវ៉ាក់សាំងចិននេះ យ៉ាងដូចម្តេច?
តើវាមានភាពខុសគ្នា យ៉ាងដូចម្តេច រវាងស៊ីណូវ៉ាក និងវ៉ាក់សាំងផ្សេងៗទៀត?
CoronaVac គឺជាវ៉ាក់សាំងមួយ ដែលធ្វើអំពីមេរោគលែង មានសកម្មភាព ដែលដំណើរការដោយប្រើបំណែក នៃវីរុស ត្រូវគេសម្លាប់ ហើយដើម្បីធ្វើឱ្យប្រព័ន្ធ ភាពស៊ាំ នៃសរពាង្គកាយ តតាំងហ្នឹងវីរុស ដោយមិនប្រឈមនឹងជំងឺ ណាមួយធ្ងន់ធ្ងរ កើតឡើងឡើយ។ វ៉ាក់សាំងពីក្រុមហ៊ុន Moderna និង Pfizer គឺជាប្រភេទវ៉ាក់សាំង mRNA ដែលមានន័យថា ជាផ្នែកនៃពូជកូរ៉ូណាវីរុស ដែលត្រូវបានគេចាក់ចូលទៅក្នុងសារពាង្គកាយ ដោយធ្វើឲ្យសរពាង្គកាយចាប់ផ្ដើមផលិតប្រូតេអ៊ីននៃវីរុស ដើម្បីឲ្យមានកម្លាំងគ្រប់គ្រាន់ប្រយុទ្ធនឹងវីរុសខាងក្រៅ ។ សាស្ត្រាចារ្យ Luo Dahai មកពីសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងបានប្រាប់ BBC ថា “CoronaVac គឺជាវិធីសាស្ត្រប្រពៃណីមួយបន្ថែមទៀតដែលត្រូវបានប្រើដោយជោគជ័យក្នុងការចាក់វ៉ាក់សាំងល្បីៗជាច្រើនដូចជាជំងឺឆ្កែឆ្កួត” ។ លោក Luo បន្ថែមថា “វ៉ាក់សាំង mRNA គឺជាវ៉ាក់សាំង ប្រភេទថ្មីហើយបច្ចុប្បន្ននេះ មិនមានឧទាហរណ៍ ជោគជ័យណាមួយ ដែលត្រូវបានប្រើប្រាស់ក្នុងចំណោម ប្រជាពលរដ្ឋឡើយ” ។ គុណសម្បត្តិមួយរបស់ ស៊ីណូវ៉ាក គឺវាអាចរក្សាទុកនៅក្នុង ទូទឹកកក ស្តង់ដារ នៅចន្លោះពី ២-៨ អង្សាសេ ដូចគ្នាទៅនឹងវ៉ាក់សាំង Oxford ដែរ ។ ដោយឡែក វ៉ាក់សាំង Moderna ត្រូវរក្សាទុកនៅ -២០ អង្សាសេ និងវ៉ាក់សាំង Pfizer នៅ -៧០ អង្សាសេ ។ មានន័យថាទាំងវ៉ាក់សាំង Sinovac និងវ៉ាក់សាំង Oxford-AstraZeneca មានប្រយោជន៍ច្រើន ដល់បណ្តាប្រទេស កំពុងអភិវឌ្ឍន៍ ដែលមិនអាចផ្ទុកវ៉ាក់សាំងបានច្រើន នៅសីតុណ្ហភាព ទាបបែបនេះ ។
តើ ស៊ីណូវ៉ាក មានប្រសិទ្ធភាពប៉ុណ្ណា?
វាពិបាកនិយាយនៅពេលនេះ ប៉ុន្តែយោងតាមទិនានុប្បវត្តិវិទ្យាសាស្ត្រ The Lancet បច្ចុប្បន្នយើងមានតែព័ត៌មាន ពីការសាកល្បង ដំណាក់កាលទី១ និងទី២ នៃកូរ៉ូណាវ៉ាក់ តែប៉ុណ្ណោះ ។ លោក Zhu Fengcai ជាអ្នកនិពន្ធម្នាក់ ក្នុងចំណោម អ្នកនិពន្ធចងក្រង ឯកសារពេទ្យ បាននិយាយថា លទ្ធផលដែលផ្អែកលើ អ្នកចូលរួម ១៤៤ នាក់នៅក្នុងដំណាក់កាលទី ១ និង ៦០០ នាក់នៅក្នុងដំណាក់កាលទី ២ បង្ហាញថា វ៉ាក់សាំងនេះ “សមស្របសម្រាប់ ការប្រើប្រាស់ នៅពេលបន្ទាន់” ។ កាលពីខែកញ្ញា ការធ្វើតេស្តទៅលើអ្នកស្ម័គ្រចិត្តជាង ១.០០០ នាក់ ក្នុងនោះមានអ្នកខ្លះបង្ហាញថាអស់កម្លាំងតិចតួចឬមិនស្រួលខ្លួន… តែមិនលើសពី ៥% ទេ ។ វ៉ាក់សាំងនេះ ក៏បានចាប់ផ្តើមសាកល្បង ទ្រង់ទ្រាយធំដំណាក់កាលចុងក្រោយ នៅក្នុងប្រទេសប្រេស៊ីល ដែលមានចំនួនអ្នកស្លាប់ ខ្ពស់បំផុតទី២ នៅលើពិភពលោក កាលពីដើមខែតុលា។ ការសាកល្បងទាំងនេះ ត្រូវបានបញ្ឈប់មួយរយៈខ្លី នៅក្នុងខែវិច្ឆិកា បន្ទាប់ពីមានរបាយការណ៍ថា មានអ្នកស្ម័គ្រចិត្តម្នាក់បានស្លាប់ ប៉ុន្តែក៏បានបន្តសាកល្បងទៀត បន្ទាប់ពីការស្លាប់ត្រូវបានគេរកឃើញថា មិនមានជាប់ទាក់ទង ជាមួយវ៉ាក់សាំងនេះឡើយ ។ ដៃគូរបស់ Sinovac នៅប្រេស៊ីល វិទ្យាស្ថាន Butantan បាននិយាយថា ខ្លួនរំពឹងថា Sinovac នឹងផ្សព្វផ្សាយលទ្ធផលពីការសាកល្បងរបស់ខ្លួនមុនថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ នេះ ។
តើគេអាចផលិត ស៊ីណូវ៉ាក បានប៉ុន្មានដូសក្នុងមួយឆ្នាំ?
ប្រធានក្រុមហ៊ុន បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន CGTN ថាក្រុមហ៊ុន Sinovac អាចផលិតបាន ៣០០ លានដូសក្នុងមួយឆ្នាំ ហើយការចាក់វ៉ាក់សាំងនេះត្រូវការចំនួនពីរដូស ។ ក្រៅពីប្រទេសឥណ្ឌូនេស៊ី ប្រទេសចិន ក៏បានធានានូវកិច្ចព្រមព្រៀង លក់ទៅប្រទេសផ្សេងទៀត ដូចជាប្រទេសទួរគី ប្រេស៊ីល និងឈីលី ។ ក្រុមអ្នកវិភាគបាននិយាយពី ការដេញថ្លៃ របស់ប្រទេសចិន ដើម្បីឈ្នះការប្រកួតប្រជែង ផ្នែក “ការទូតវ៉ាក់សាំង” ដែលត្រូវបានគេ រាយការណ៍ថា លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានសន្យាផ្តល់ប្រាក់ចំនួន ២ពាន់លានដុល្លារ សម្រាប់ទ្វីបអាហ្រ្វិក និង១លានដុល្លារ ទៀតទៅឲ្យអាមេរិកឡាទីន ដើម្បីទិញវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែគេមិនដឹងច្បាស់ អំពីលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងនេះឡើយ ។ លោក Jacob Mardell អ្នកវិភាគមកពី MERICS បានប្រាប់សារព័ត៌មាន ABC ថា “ទីក្រុងប៉េកាំង …ប្រាកដជា នឹងផ្តល់បច្ចេកវិទ្យាជួយសង្រ្គោះ ជីវិតមនុស្សដើម្បីផលចំណេញ ផ្នែកពាណិជ្ជកម្មនិងការទូត” ។ កាលពីដើមឆ្នាំនេះទីក្រុងជីស៊ីង ប្រទេសចិនបានផ្តល់តម្លៃបឋមចំនួន ២០០ យ័ន (២៩,៧៥ ដុល្លារអាមេរិក)ក្នុង១ដូស ។ ដោយឡែក Bio Farma ក្រុមហ៊ុនគ្រប់គ្រង ដោយរដ្ឋនៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានប៉ាន់តម្លៃប្រហែល ២០០,០០០ រូពី (១៣,៦០ ដុល្លារអាមេរិក) ក្នុង១ដូស ។ យ៉ាងណាក៏ដោយ តម្លៃនេះនៅតែខ្ពស់ជាងវ៉ាក់សាំង Oxford ដែលមានតម្លៃ ៤ ដុល្លារក្នុង១ដូស ប៉ុន្តែនៅតែទាបជាង Moderna ដែលមានតម្លៃ ៣៣ ដុល្លារក្នុង១ដូស។ ក្រុមហ៊ុន Moderna បាននិយាយថាខ្លួនមានគោលដៅ នាំចេញចំនួន ៥០០ លានដូសក្នុងឆ្នាំ ២០២១ រីឯក្រុមហ៊ុន AstraZeneca និយាយថាខ្លួននឹងផលិតបាន ៧០០ លានដូសនៅចុងត្រីមាសទី ១ ឆ្នាំ ២០២១ ៕
(ប្រភព៖ BBC News) ដកស្រងពីហ្វេសប៊ុកលោក ពុយ គា