ក្រុមហ៊ុន Apple និង Google បានប្រកាសឈប់ប្រើប្រាស់ កូដរបស់ក្រុមហ៊ុន X-Mode

0
10

នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ក្រោយពីបានរកឃើញថា ក្រុមហ៊ុន X-Mode Social Inc. បានប្រមូលនិងលក់ទិន្នន័យ របស់អ្នកប្រើប្រាស់ទៅឱ្យរដ្ឋាភិបាល ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google បានប្រកាសកាលពីម្សិលមិញនេះ ឱ្យអ្នកអភិវឌ្ឍកម្មវិធីដកកូដ X-Mode ចេញពីកម្មវិធីរបស់ពួកគេ បើមិនដូច្នោះទេកម្មវិធីទាំងនោះ អាចនឹងឈប់ដំណើរការនៅក្នុងទូរសព្ទ ដែលមានប្រព័ន្ធប្រតិបត្តិការ iOS និង Android។

បើតាមការផ្ដល់ព័ត៌មាន ពីក្រុមហ៊ុនទាំងពីរខាងលើ ក្រុមហ៊ុន Google បានកំណត់ពេលចំនួន ៧ថ្ងៃ សម្រាប់អ្នកអភិវឌ្ឍកម្មវិធីដើម្បីលុប X-Mode ចោល ប៉ុន្តែពួកគេអាចនឹងសុំពន្យារពេល បានរហូតដល់ទៅ ៣០ថ្ងៃ ចំណែកឯក្រុមហ៊ុន Apple បានកំណត់រយៈពេលត្រឹមតែ ១៤ថ្ងៃប៉ុណ្ណោះ។ នេះជាលើកទីមួយហើយដែលក្រុមហ៊ុន ទាំងពីរបានបញ្ឈប់ក្រុមហ៊ុនពី ការទាញយកទិន្នន័យទីតាំងរបស់អ្នកប្រើប្រាស់ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ពីក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពបច្ចេកវិទ្យា និងជាពិសេសបន្ទាប់ពីមានការ ស៊ើបអង្កេតពីសមាជិកព្រឹទ្ធសភា លោក Ron Wyden នៃរដ្ឋអូរីហ្គែនផងនោះ។

គួរបញ្ជាក់ផងដែរថា ការទាញយកនិងលក់ទិន្នន័យ ទីតាំងរបស់អ្នកប្រើប្រាស់គឺជា ពាណិជ្ជកម្មដ៏ធំមួយដែលពួកគេ អាចរកចំណូលបានដល់ ទៅរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដោយពួកគេលក់ទិន្នន័យនេះទៅឱ្យក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម និងស្វែងយល់អំពីអាកប្បកិរិយារបស់អតិថិជន ថែមទាំងអាចឱ្យរដ្ឋាភិបាលតាមដាន បុគ្គលណាមួយនោះបានទៀតផង។
ដូច្នេះដើម្បីការពារទិន្នន័យឯកជនភាព លោកអ្នកគួរតែបិទការតាមដាន ទីតាំងប្រសិនបើលោកអ្នកពុំ ចាំបាច់ត្រូវការប្រើប្រាស់ ហើយម្យ៉ាងវិញទៀតលោកអ្នក ក៏អាចកំណត់ឱ្យមានការតាមដាន នៅពេលដែលប្រើកម្មវិធីនោះក៏បាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here