ប្រយ័ត្ន​ ! សារបញ្ឆោតចម្លងមេរោគ កំពុងតែវាយលុកអ្នកប្រើប្រាស់កម្មវិធី Telegram

0
9

ភ្នំពេញ​៖​ កាលពីប៉ុន្មានម៉ោងមុននេះ ក្រុមការងារទទួលបានព័ត៌មានស្តីពីករណីចែករំលែកសារកម្មវិធី តេឡេក្រាម​ (Telegram)​ ដោយធ្វើការបន្លំអត្តសញ្ញាណជាថ្នាក់ដឹកនាំក្នុងគោលបំណងចម្លងមេរោគកុំព្យូទ័រ។

យោងតាមគេហទំព័រហ្វេសប៊ុក​របស់​ នាយកដ្ឋានព័ត៌មានវិទ្យា​ នៅថ្ងៃទី១១​ ខែធ្នូ​ ឆ្នាំ​២០២០​ ឲ្យដឹង​ថា​ បន្ទាប់ពីការវិភាគបឋមលើឯកសារមេរោគ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា បានរកឃើញថាឯកសារ ក្នុងសារដែលបានចែករំលែកនោះមានបង្កប់នូវកូដមេរោគ (Malicious Code) ដែលមានគោលបំណងដូចខាងក្រោម៖

ទី១-អូសទាញជនរងគ្រោះទាញយកឯកសារ ZIP File ដែលមានបង្កប់មេរោគ EXE ដែលបានផ្ញើមកកាន់ប្រអប់សារ Telegram។

ទី២-នៅពេលចុចលើឯកសារ “Document.docx~.exe” វានឹងថតចម្លង និងដំណើរការឯកសារ “chrome.dll”។

ទី៣-ឯកសារ DLL បង្កប់នូវកូដមេរោគ បញ្ចូលក្នុង Rundll32 Process (Injection) និងឯកសារមួយចំនួនក្នុងម៉ាស៊ីកុំព្យូទ័ររងគ្រោះ (ឧទាហរណ៍៖ ឯកសារ chrome.dll ទៅកាន់ Drive C និងឯកសារ COVID.html ទៅកាន់ទីតាំង Tempory ។

ទី៤-មេរោគធ្វើការបើកកម្មវិធីផ្ទាំងអ៊ីនធឺណេត (IExplorer) និងបង្ហាញពីព័ត៌មានអំពីមេរោគកូវីដ១៩ និងវ៉ាក់សាំងនៅអាមេរិក ដែលជាអត្ថបទទាញចេញពីឯកសារ COVID.html។

ទី៦-វាជាប្រភេទមេរោគ Trojan Horse (Generic.ml) ដែលមានសមត្ថភាពអនុញ្ញាតការបញ្ជាកុំព្យូទ័រពីចម្ងាយ (Remote Access) និងលួចយករាល់ព័ត៌មាន ដែលជនរងគ្រោះបានវាយលេីក្តារចុច Keyboard (Keylogger)។

និងទី៧-មេរោគប្រភេទនេះ តែងតែចម្លងដោយប្រើប្រាស់អ៊ីម៉ែលជាមួយការភ្ជាប់ឯកសារមេរោគ (Email Phishing) ឬការផ្ញើឯកសារមេរោគ តាមបណ្តាកម្មវិធីទំនាក់ទំនងសង្គម (Messenger) ជាដើម។

នាយកដ្ឋានព័ត៌មានវិទ្យា​ បានបញ្ជាក់ថា​ ដើម្បីការពារខ្លួនពីល្បិចបញ្ឆោតខាងលើ ប្រជាពលរដ្ឋមេត្តាកុំចុចតំណភ្ជាប់ ឬឯកសារសង្ស័យ ដែលទទួលបានក្នុងប្រអប់សារអ៊ីម៉ែល ឬសារកម្មវិធីទំនាក់ទំនងសង្គម (ឧទាហរណ៍៖ កម្មវិធី Telegram Messenger ។ល។) ជៀសវាងការទាញយក ឬដំឡើងឯកសារមេរោគ។ ម្យ៉ាងវិញទៀត សូមអ្នកធ្វើការដំឡើង ធ្វេីបច្ចុប្បន្នភាពកម្មវិធីកម្ចាត់មេរោគ និងស្កេនមេរោគក្នុងម៉ាស៊ីនកុំព្យូទ័ររបស់លោកអ្នកជាប្រចាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here