លទ្ធផលតេស្តរកវីរុសកូវីដ១៩ លើកទី៣របស់សម្ដេច ស ខេង ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធគឺអវិជ្ជមាន

0
12

ភ្នំពេញ៖ ការធ្វើតេស្តរកវីរុសកូវីដ១៩ លើកទី៣ដែលជាលើកចុងក្រោយរបស់សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះលទ្ធផលគឺអវិជ្ជមានទាំងអស់។

តាមរយ:បណ្ដាញសង្គមហ្វេសប៊ុក សម្ដេច ស ខេង បានលើកឡើងថា “ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិទាំងអស់ថាខ្ញុំ ភរិយា ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតនៅផ្ទះរបស់ខ្ញុំ ចំនួន២០១សំណាក ត្រូវបានក្រសួងសុខាភិបាលផ្ដល់ការបញ្ជាក់មកថាទទួលបានលទ្ធផលអវិជ្ជមានជំងឺកូវីដ-១៩ទាំងអស់ សម្រាប់ការធ្វើតេស្តលើកទី៣ ដែលជាលើកចុងក្រោយ”។​

សម្ដេច ស ខេងបន្តថា តបនឹងដំណឹងដ៏ល្អនេះ ក្នុងនាមភរិយា ក្រុមគ្រួសារ អ្នកពាក់ព័ន្ធទាំងអស់ និងក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងក្រុមគ្រូពេទ្យ ដែលខិតខំយកចិត្តទុកដាក់បំពេញការងារយកសំណាក និងតាមដានសុខភាពរបស់យើងខ្ញុំទាំងអស់គ្នា តាំងពីដំណាក់កាលដំបូងរហូតដល់បញ្ចប់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក។​

សម្ដេចក៏បានអរគុណ និងកោតសរសើរខ្ពស់ចំពោះស្មារតីសហការខ្ពស់របស់បងប្អូនជនរួមជាតិទាំងមូល ក្នុងនោះរាប់ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការសុីវិល នគរបាលជាតិ មន្ត្រីពន្ធនាគារ​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨ វិច្ឆិកាទាំងអស់ ដែលបានស្ម័គ្រចិត្តធ្វើតេស្ត និងធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។​

ជាមួយគ្នានេះដែរ សម្ដេច ស ខេងបានថ្លែងអំណរគុណចំពោះជនរួមជាតិទាំងអស់ ដែលបានផ្ញើសារជូនពរ និងមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខភាពរបស់ខ្ញុំ និងភរិយា ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធនៅក្នុងអំឡុងពេលធ្វើចត្តាឡីស័កកន្លងមកនេះ។

លើសពីនេះទៀត សម្ដេចក្រឡាហោមក៏បានអំពាវនាវបងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាបន្តអនុវត្តវិធានការប្រឆាំងមេរោគកូវីដ១៩របស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដូចជាការធ្វើតេស្តក្នុងករណីសង្ស័យ, ការដាក់ខ្លួននៅដាច់ដោយឡែក, ការពាក់ម៉ាស់ ឬប្រើក្រម៉ាពេលក្អក ឬកណ្ដាស់, លាងដៃ បាញ់អាកុលសម្លាប់មេរោគ, ការរក្សាគម្លាតសុវត្ថិភាព និងកាត់បន្ថយការប្រមូលផ្ដុំ​ ដោយសារព្រឹត្តិកាណ៍២៨វិច្ឆិកាមិនទាន់បានបញ្ចប់នៅឡេីយ។

ជាចុងក្រោយ សម្ដេច ស ខេង ក៏បានជូនពរជនរួមជាតិទាំងអស់ ជួបតែសេចក្ដីសុខគ្រប់ប្រការ និងចៀសផុតពីជំងឺកូវីដ១៩​៕

LEAVE A REPLY

Please enter your comment!
Please enter your name here