សូមប្រុងប្រយ័ត្ន! សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បន្តកើតមានជាច្រើន ករណីនៅកម្ពុជា

0
9

ភ្នំពេញ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា នាពេលថ្មីៗនេះ សកម្មភាពឆបោកប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលេីបណ្តាញទំនាក់ទំនងសង្គម ជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថា នឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ ប្រាក់មួយចំនួន ដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូន ជនរងគ្រោះ ដូចការសន្យានោះឡើយ។

ដើម្បីសម្រេច​គម្រោងឆបោក ដំបូងឧក្រិដ្ឋជន បានស្វែងរកលេខទូរស័ព្ទ ឬអុីម៉ែល របស់ជនរងគ្រោះលើបណ្តាញ ទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជន ធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេស ឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖
១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។
២- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។
៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។
៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។
៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។
៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។
៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។
៨- ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។
៩- បន្លំគណនីបណ្តាញទំនាក់ទំនងសង្គម ជាបុរស ឬនារីស្អាតៗ ប្រេីប្រាស់មនោសញ្ចេតនាឆបោកប្រាក់ ពីជនរងគ្រោះ (Romantic Scam)។

រាល់ឧបាយកល ដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ ជាបន្តបន្ទាប់ពីជនរងគ្រោះ។

នាយកដ្ឋានព័ត៌មានវិទ្យា សូមក្រេីនរំលឹកបងប្អូន មេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះ និងធ្វេីសេចក្តីរាយកាណ៍ ឬដាក់ពាក្យបណ្តឹងដល់អាជ្ញាធរមានសមត្ថកិច្ច នៅពេលជួបបទល្មើសខាងលើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here