សម្តេច ស ខេង សម្រេចអនុញ្ញាតឲ្យចេញ-ចូល ក្នុងបរិវេណទីស្តីការក្រសួងមហាផ្ទៃឡើងវិញ ចាប់ពីថ្ងៃនេះតទៅ

0
9

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យចេញ-ចូល បម្រើការងារ ក្នុងបរិវេណ ទីស្តីការក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ។

ការប្រកាសអនុញ្ញាតឲ្យចេញ-ចូល ក្នុងទីស្ដីការក្រសួងមហាផ្ទៃឡើងវិញ បន្ទាប់ពីមកទល់ពេលនេះ ថ្នាក់ដឹកនាំមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារមួយចំនួន ដែលមានការប៉ះពាល់ដោយផ្ទាល់ និងប្រយោលក្នុង ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើទី៣ រួចរាល់ហើយ ជាមួយនឹងលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ។

តាមរយៈសេចក្ដីជូនដំណឹង នៅថ្ងៃទី១៥ ធ្នូនេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបបញ្ជាក់ថា «ក្រសួងមហាផ្ទៃសម្រេចអនុញ្ញាតឲ្យចេញ-ចូល បម្រើការងារវិញចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបម្រើការងារក្នុងបរិវេណ ទីស្ដីការក្រសួងមហាផ្ទៃ ហើយដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក និងបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី៣ រួចរាល់ដោយទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ តទៅលើកលែងតែបុគ្គល ដែលត្រូវបន្តតាមដានត្រួតពិនិត្យ សុខភាពដោយក្រសួងសុខាភិបាល» ។

លោកបន្ថែមថា ក្នុងការចេញ-ចូលបំពេញការងារក្នុងបរិវេណ ទីស្ដីការក្រសួងមហាផ្ទៃ អគ្គនាយក ប្រធានអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រូវចាត់ឲ្យធ្វើការវាស់កំដៅ លាងសម្អាតដៃដោយទឹកអាល់កុល ឬជែលអាល់កុល មុនចូលក្នុងអគារនីមួយៗ និងត្រូវអនុវត្តវិធានការការពារជំងឺកូវីដ១៩ ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់ តាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស់ ការលាងដៃឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ។ល។

ជាមួយគ្នានោះ ក៏បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី២ រួចរាល់ ត្រូវបន្តធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងហ្មមត់បំផុត ស្របតាមគោលការណ៍ណែនាំ របស់ក្រសួងសុខាភិបាល ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣១២នាក់ និងកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យសរុបចំនួន ៥០នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here