សម្ដេចតេជោ៖ គ្មានការដកតំណែង ឬដាក់ឲ្យលោក ឆែម សាវុធ ចូលនិវត្តន៍នោះទេ

0
9

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសថា គ្មានការដកតំណែង ឬដាក់ឲ្យលោក ឆែម សាវុធ ចូលនិវត្តន៍នោះទេ ព្រោះថា លោក ឆែម សាវុធ និងក្រុមគ្រួសារ គឺជាជនរងគ្រោះ ហើយក៏មិនមែនជាអ្នកសាងកំហុស បង្ក ឲ្យ មានការ ឆ្លង ចូល សហគមន៍ នៃ ព្រឹត្តិការណ៍ ២៨វិច្ឆិកាដែរ។

ការប្រកាសរបស់សម្ដេចតេជោ ធ្វើឡើងបន្ទាប់ពី មានការលើកឡើងថា លោក ឆែម សាវុធ គួរតែចូលនិវត្តន៍ ដោយសារគាត់ បានធ្វើឲ្យប្រជាពលរដ្ឋទូទាំងប្រទេស មានការភ័យខ្លាច ចំពោះករណីឆ្លងចូលសហគមន៍ ២៨វិច្ឆិកា។

ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធ នឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ភព័្វសំណាងដែរ ដែលយើងគួរអរគុណលោក ឆែម សាវុធ និងភរិយា នៅពេលដែលគាត់មានអា ការៈមិនស្រួលគាត់បានទៅរកគ្រូពេទ្យ យើងបានទទួលព័ត៌មានពិតប្រាកដពីភរិយា លោក ឆែម សាវុធ និងលោក ឆែម សាវុធ ដូច្នេះគួរត្រូវអរគុណគាត់ គាត់មិនមែនជាអ្នកកសាងកំហុសទេ កូវីដទេជាអ្នកវាយប្រហារ បើកូវីដវៃប្រហារលោក ឆែម សាវុធ ហើយ បែរជាយើងនាំគ្នាវៃប្រហារដាក់ឲ្យលោក ឆែម សាវុធ បាត់បង់ការងារទៅទៀត នោះគឺយើងធ្វើទង្វើ មួយអគុណធម៌»។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា បើតាមការវាយតម្លៃ របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា កម្ពុជាស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ១៩ ក្នុងសហគមន៍បែបចង្កោម និងតាមទីកន្លែងមួយៗ តែមិនមានបណ្តុំច្រើនទេ។

ទន្ទឹមគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ ថែរក្សាសុខភាព អនាម័យ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមរយៈការពាក់ម៉ាស លាងដៃ កុំចេញពីផ្ទះបើមិនចាំបាច់។ល។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣១២នាក់ និងកំពុងសំរាកព្យាបាល នៅមន្ទីពេទ្យសរុបចំនួន ៥០នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here