ដំណឹងល្អ ! គ្មានអ្នកឆ្លងកូវីដ១៩ថ្មី ខណៈអ្នកជាសះស្បើយ៧នាក់ ក្នុងនោះ៥នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា

0
13

ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ អោយដឹងថា មិនមានករណីវិជ្ជមានកូវីដ១៩ ថ្មីនៅកម្ពុជានោះទេ ខណៈមានករណីព្យាបាលជាសះស្បើយអ្នកជំងឺចំនួន ៧នាក់ ក្នុងនោះ៥នាក់ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា»។

ក្រសួងបញ្ជាក់ថា អ្នកជាសះស្បើយជំងឺកូវីដ១៩ ចំនួន៧នាក់នោះមាន៥នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» និង២នាក់ជាអ្នកធ្វើដំណើរមកពីប្រទេសរួមមានដូចខាងក្រោម៖

១៖ កុមារាជនជាតិខ្មែរ អាយុ១២ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ ជាកូនប្រុសរបស់ស្ត្រីអាយុ៣៦ឆ្នាំ និងជាចៅប្រុសរបស់អគ្គនាយកពន្ធនាគារ ក្រសួងមហាផ្ទៃ។

២៖ បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ ជាអ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៣៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ជាជំនួយការរបស់អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ។

៤៖ ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ទូលទំពូង១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

៥៖ បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

សូមកត់សម្គាល់ថា បុគ្គលទាំង៥នាក់ខាលើនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៦៖ ស្ត្រីជនជាតិខ្មែរ-អាមេរិក អាយុ៦២ឆ្នាំ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បានធ្វើដំណើរមកពីអាមេរិក មកដល់កម្ពុជានៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

៧៖ បុរសជនជាតិអាមេរិកកាំង អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជាអ្នកដំណើរមកពីប្រទេសចិន មកដល់កម្ពុជាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣១៩នាក់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៤៣នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here