រកឃើញ ទំនិញខូចគុណភាព ជាង៤០ គីឡូក្រាម នៅផ្សារសំរោង

0
6

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឆ្នូ ឆ្នាំ២០២០ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត និងគណៈកម្មការផ្សារ បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសំរោង ស្ថិតក្នុងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន ១០គំរូ រួមមាន៖ នំបញ្ចុក ស្ពៃជ្រក់(០២គំរូ) ខ្ញីហាន់រួច សណ្ដែកបណ្ដុះ ជ្រក់ទំពាំង ពពុះសណ្ដែក សរសៃបាញ់កាញ់ និងអំបិល(០២គំរូ) ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។        ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផល      ម្ហូបអាហារផងដែរ ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
-ទឹកសណ្ដែកកូនក្មេងចំនួន ៦៦ប្រអប់តូច x ១២៥មីលីលីត្រ ស្មើនឹង ៨.២៥លីត្រ
– ទឹកក្រូចដបតូច ចំនួន ៤៨ដប ស្មើនឹង ១៥.៣៦លីត្រ
– ប្រហិតហតដកចំនួន ០៤កញ្ចប់ ស្មើនឹង ៤គីឡូក្រាម
– ប្រហិតសាច់គោ និងសាច់ជ្រូក ចំនួន ១៥ថង់ ស្មើនឹង ១៥ គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here