តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ធ្វើយុទ្ធដំណើរទ័ព ក្នុងវគ្គហ្វឹកហ្វឺន ពង្រឹងយោធា ចំណុះទីបញ្ជាការ

0
9

ភ្នំពេញ៖ ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយគឺជាឱកាសសម្រាប់កងទ័ពធ្វើការហ្វឹកហ្វឺនបំប៉នពង្រឹងសមត្ថភាព ការងារដឹកនាំបញ្ជាជំនាញយុទ្ធវិធីឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបានតាមបទបញ្ជាថ្នាក់លើបានប្រគល់ជូន។

ជាក់ស្តែង នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរង តំបន់ប្រតិបត្តិការសឹករងបន្ទាយ បានចុះដឹកនាំសិក្ខាកាម ១០០នាក់ធ្វើយុទ្ធដំណើរទ័ព ចម្ងាយ១៥គីឡូម៉ែត្រ និងបាញ់គ្រាប់ពិតអាវុធប្រភេទAK-47 និងPKMS។ វគ្គហ្វឹកហ្វឺនពង្រឹងយោធា ចំណុះទីបញ្ជាការនេះ មានរយៈពេល៩០ថ្ងៃ ដែលនឹងត្រូវបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ខាងមុខនេះ។

លោកមេបញ្ជាការរង ក៏បានបញ្ជាក់បន្ថែមថា ក្រៅពីភារកិច្ចស្នូល និងហ្វឹកហ្វឺនបំប៉ន គ្រប់បណ្តាកងឯកភាព ត្រូវយកចិត្តទុកដាក់ត្រៀមជានិច្ច នូវកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ជួយសង្រ្គោះដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ចុះជួយប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តដែលអង្គភាពទទួលខុសត្រូវ សាកសមជាយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលរក្សាបាននូវភក្តីភាពរវាង កងទ័ព និងប្រជាជន។

ក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង ក៏បានថ្លែងអំណរគុណចំពោះ នាយទាហាន យោធាចារ្យ គ្រូគ្រប់គ្រង ដែលខិតខំយកចិត្តទុកដាក់ ផ្តល់ចំណេះដឹង ដល់សិក្ខាកាម ដោយបណ្តុះនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង មានឆន្ទៈមោះមុត ក៏ដូចជាការខិតខំយកចិត្តទុកដាក់រៀនសូត្ររបស់សិក្ខាកាម ដោយគោរព និងអនុវត្តតាមបទបញ្ជាផ្ទៃក្នុងពេលហ្វឹកហ្វឺន ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដែលធ្វើឱ្យវគ្គហ្វឹកហ្វឺននេះអាចទទួលបានលទ្ធផលល្អនៅពេលបញ្ចប់វគ្គ៕

LEAVE A REPLY

Please enter your comment!
Please enter your name here