ចិនផ្ដល់ថ្នាំការពារជំងឺឆ្លងអុតក្ដាម ២០ម៉ឺនដូសដល់កម្ពុជា ដើម្បីគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វ

0
7

ភ្នំពេញ៖ ដើម្បីគ្រប់គ្រងការរាលដាលជំងឺឆ្លងសត្វនៅកម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វ គោ-ក្របី ចំនួន២០០ ០០០ដូសដល់ប្រទេសកម្ពុជា។

ការសម្រេចផ្ដល់បែបនេះបានធ្វើឡើង បន្ទាប់ពីលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី៤ ធ្នូ បានស្នើសុំ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម និងកិច្ចការជនបទចិន ជួយផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាមសត្វ គោ-ក្របី មកប្រទេសកម្ពុជា ដែលប្រទេសកម្ពុជាកំពុងប្រឈម។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក វេង សាខុន បានបញ្ជាក់ថា “តបតាមសំណើការចាំបាច់ និងបន្ទាន់របស់កម្ពុជា ក្រសួងកសិកម្ម និងកិច្ចការជនបទចិន កាលពីថ្ងៃទី១៣ ខែធ្នូ បានឯកភាពផ្តល់ថ្នាំការពារជំងឺឆ្លងអុតក្តាម គោ/ក្របី ចំនួន ២០០ ០០០ កម្រិត (Doses) ហើយបានសម្របសម្រួលជាមួយវិទ្យាស្ថានស្រាវជ្រាវបសុពេទ្យឡានចូវ (Lanzhou Veterinary Research Institute) សមាគមថ្នាំ ពេទ្យ និងបសុពេទ្យចិន (China Veterinary Drug Association) និងក្រុមការងារនៃសាកលវិទ្យាល័យកសិកម្មចិនសម្រាប់ សម្ព័ន្ធភាពឧស្សាហកម្មឡានឆាង-មេគង្គបសុពេទ្យនិងថ្នាំការ ពារជំងឺ (China Agriculture University for Lancang-Mekong Veterinary Drug and Vaccine Industry Alliance) ដើម្បីផ្តល់ជូនភាគីកម្ពុជាផ្នែកបច្ចេកទេសនិងបង្កើន សមត្ថភាពក្នុងការឃ្លាំមើល ការបង្ការ និងការគ្រប់គ្រងការរាល ដាលជំងឺឆ្លងសត្វ”។

ជាមួយគ្នានេះដែរ លោក វេង សាខុន បានថ្លែងអំណរចំពោះ ប្រជាជន និងរដ្ឋាភិបាលចិន ដែលបាននិងកំពុងបន្តផ្តល់កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយជាមួយ រដ្ឋាភិបាលកម្ពុជា។លោកថា លទ្ធផលនៃកិច្ចសហប្រតិបត្តិការនេះ បានចូលរួមជាចំណែកយ៉ាងមានប្រសិទ្ធភាពក្នុងការជួយរុញកំណើនសេដ្ឋកិច្ច តាមរយ:ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យកសិកម្មផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here