ភ្នំពេញ៖ ស្របពេលដែលសេដ្ឋកិច្ច របស់កម្ពុជាបន្តរងគ្រោះ ដោយសារឥទ្ធិពលនៃការ រាតត្បាតជំងឺកូវីដ១៩ មានសញ្ញាជាច្រើនបង្ហាញថា សកម្មភាពសេដ្ឋកិច្ចកំពុង ចាប់ផ្តើមកម្រើកឡើងវិញហើយ។ សេដ្ឋកិច្ចត្រូវបានព្យាករថា នឹងរួញទំហំប្រមាណដក ២ភាគរយក្នុងឆ្នាំ២០២០ ប៉ុន្តែត្រូវបានរំពឹងទុកថានឹង ងើបឡើងវិញហើយលូតលាស់ បានប្រហែលជិត ៤ភាគរយ ក្នុងឆ្នាំ២០២១។
ធនាគារពិភពលោកបានឱ្យដឹងដូច្នេះ នៅក្នុងរបាយការណ៍មួយឈ្មោះ Restrained Recovery ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ដែលត្រូវ បានផ្សព្វផ្សាយនៅថ្ងៃនេះ។
នៅពេលដែលមានការធូរស្រាលបន្តិច នៅក្នុងវិធានការរក្សាសុវត្ថិភាពសង្គម សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក កំពុងតែវិលទៅរកប្រក្រតីភាពបន្តិចម្តងៗវិញ។ អន្តរាគមន៍ក្នុងកម្រិតដែល មិនធ្លាប់មានរបស់រដ្ឋាភិបាល បានជួយ មួយផ្នែកក្នុងការទ្រទ្រង់ដល់ ផ្នែកទទួលទានប្រើប្រាស់ឱ្យនៅស្ថិតស្ថេរ ហើយ អតិផរណាក៏ស្ថិតនៅក្រោម ការគ្រប់គ្រងជាប់ផងដែរ។
យោងតាមរបាយការណ៍ខាងលើនេះ លំហូរនៃការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងគម្រោងក្រៅឧស្សាហកម្មកាត់ដេរ និងទៅក្នុងវិស័យកសិកម្មនៅតែបន្ត កើនឡើង ទំនងជាដោយសារភាពទាក់ទាញ របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាកំពុងធ្វើជាមួយ ប្រទេសនានាក្នុងតំបន់។
ទោះបីជាការនាំចេញសរុបនៃ ផលិតផលកមន្តសាលបានរងការប៉ះទង្គិច ពីការរាតត្បាតជំងឺនេះក៏ដោយ ក៏កំណើន នៅតែបន្តមានក្នុងការនាំចេញ ផលិតផលរោងចក្រដទៃទៀត មានកង់ , គ្រឿងបង្គុំអគ្គិសនី, និងគ្រឿងបន្លាស់រថយន្ត និងគ្រឿងផ្សំនានា ហើយការនាំចេញអង្ករនិងផលិតផល កសិកម្មផ្សេងទៀតនៅមានសន្ទុះខ្លាំងក្លា។ ជាមួយគ្នានេះ ទេសចរណ៍ក្នុងស្រុកបានជួយមួយផ្នែកក្នុងការធ្វើឱ្យ ឧស្សាហកម្មទេសចរណ៍និងការធ្វើដំណើរ កម្រើកឡើងវិញ។
លោកស្រី អ៊ុងហ្វូណា ដូប្រាចា នាយិកាគ្រប់គ្រងប្រចាំប្រទេស របស់ធនាគារ ពិភពលោក មានប្រសាសន៍ថា «ចក្ខុវិស័យកំណើនរបស់កម្ពុជា នៅប្រឈមនឹងភាពមិន ប្រាកដប្រជាច្រើនណាស់ ។ គោលដៅដ៏សំខាន់បំផុតនៃ គោលនយោបាយនាពេលនេះគឺ ជាបន្ទាន់ ត្រូវធ្វើយ៉ាងណាស្តារឡើងវិញនូវការងារ ដែលបាត់បង់ ឬដែលត្រូវព្យួរដោយសារតែការរាលដាលជំងឺនេះ។
លោកស្រីពោលបន្តទៀតថា “ឆ្ពោះទៅពេលខាងមុខ ជាការចាំបាច់ដែលត្រូវជំរុញ លើកទឹកចិត្តដល់ការវិនិយោគ ក្នុងស្រុកនិងពីបរទេសឱ្យ ទាញយកផលចំណេញពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគី និងក្នុងតំបន់ដែលត្រូវបាន បង្កើតឡើងកាលពីពេលថ្មីៗនេះ។ លទ្ធភាពនេះអាចធ្វើទៅរួចតាមរយៈ ការដាក់ចេញឱ្យបានឆាប់រហ័សនូវច្បាប់ វិនិយោគមានភាពប្រកួតប្រជែង និងប្រការលើកទឹកចិត្តនានាដល់ការវិនិយោគ អមដោយវិធានការទាំងឡាយ សំដៅបង្កភាពងាយស្រួលដល់ការធ្វើអាជីវកម្ម ផងដែរ។
ក្នុងគោលបំណងជួយកម្ពុជាឱ្យ ឆាប់រើខ្លួនចេញពីការរាតត្បាតជំងឺនេះ ជាអនុសាសន៍ របាយការណ៍បានស្នើឱ្យបង្កើន ការវិនិយោគសាធារណៈសម្រាប់ជួយដល់ជនក្រីក្រី និងសម្រាប់ជំរុញកំណើន រួមមានទាំងកម្មវិធីបង្កើតការងារ យកប្រាក់កម្រៃប្រចាំថ្ងៃ (cash-for-work projects) ផង ហើយទន្ទឹមគ្នានេះ លើកកម្ពស់វិស័យ ជាថ្នូរអតិពលកម្មនានាដើម្បីបង្កើតការងារ ក្នុងឱកាសដែលមានការងើបឡើង ឆាប់រហ័សនៃតម្រូវការទំនិញប្រើប្រាស់ក្នុងស្រុក។
របាយការណ៍ក៏បានលើកឡើងដែរ នូវឱកាសនានាសម្រាប់សម្រួលការ ពង្រីកការវិនិយោគក្នុងស្រុកនិងពី បរទេស ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគីនិងក្នុងតំបន់ក្នុងពេលថ្មីៗនេះ រួមមាន កិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជានិងចិន និង កិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) របាយការណ៍នេះ បានចង្អុលបង្ហាញដែរអំពីសារៈសំខាន់ចាំបាច់បំផុតនៃការរៀបចំ បង្កើនឱ្យមានហេដ្ឋារចនាសម្ព័ន្ធ រឹងមាំមួយសម្រាប់វ៉ាក់សាំងកូវីឌ១៩ ក៏ដូចជាការតាមដានឱ្យបានដិតដល់ផងដែរ នូវភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច ដែលអាចបង្កដោយកំណើន អូសបន្លាយយូរពេករបស់វិស័យសំណង់ និងអចលនទ្រព្យ។
ការស្ទង់មតិតាមទូរស័ព្ទដែល ធនាគារពិភពលោក បានធ្វើពីរដងក្នុងរយៈពេលកន្លងទៅ បានឱ្យដឹងថា ចំនួនអ្នក ផ្តល់ចម្លើយដែលកំពុងធ្វើការ ក្នុងពេលស្ទង់មតិ មានការធ្លាក់ចុះពី ៨២ភាគរយនៅពេលមានការ ផ្ទុះជំងឺកូវីដ១៩ដំបូង មកនៅត្រឹម៧១ភាគក្នុងខែឧសភា ឆ្នាំ២០២០ ហើយតួលេខនេះហាក់ដូចជានៅដដែលក្នុងខែសីហា ឆ្នាំ២០២០។ ការរាតត្បាតជំងឺនេះនៅតែបន្ត ជះផលអវិជ្ជមានទៅលើសកម្មភាព ធុរកិច្ចដែលមិនមែនជាការដាំដុះ ប៉ុន្តែក្នុង សភាពមួយដែលមិនសូវធ្ងន់ធ្ងរណាស់ ណាទេបើប្រៀបធៀបទៅនឹង ពេលដែលវិបត្តិនេះបាន ផ្ទុះឡើងភ្លាមៗ។ ការបាត់បង់ចំណូលនៅតែ មានទំហំធំធេងនៅឡើយ បើទោះជាការធ្លាក់ចុះចំណូលគ្រួសារ ថយល្បឿនបន្តិចវិញក្រោយ ពីរដ្ឋាភិបាលបានដាក់ចេញកម្មវិធី ថ្មីមួយសម្រាប់ផ្ទេរសាច់ប្រាក់ ទៅជួយគ្រួសារក្រីក្រ និងងាយរងគ្រោះ។
ការស្ទង់មតិទាំងនោះបង្ហាញថា ជិត៩០ ភាគរយនៃក្រុមគ្រួសារដែលត្រូវបាន កំណត់អត្តសញ្ញាណថាជាអ្នកក្រ បានរាយការណ៍ថាបានទទួល ប្រាក់សង្គ្រោះនៅក្នុងខែសីហា និងកញ្ញា។ របាយការណ៍នេះមានជំពូកពិសេសមួយផ្តោតទៅលើ ការស្ទង់មតិលើសកម្មភាពធុរកិច្ចកម្ពុជា (Cambodia Business Pulse Surveys/BPS) ដែលត្រូវបានធ្វើឡើងសម្រាប់ស្វែងយល់ អំពីផលប៉ះពាល់របស់កូរីដ១៩ ទៅលើធុរកិច្ច។ ការស្ទង់មតិលើសកម្មភាពធុរកិច្ចនេះ ត្រូវបានធ្វើជាមួយក្រុមហ៊ុនជាង ៥០០ក្រុមហ៊ុនពីខែមិថុនា ដល់ខែកញ្ញា ហើយលទ្ធផលបង្ហាញថា អាជីវកម្មជាច្រើនបានបើកទ្វារឡើងវិញ ហើយតាំងពីខែមិថុនាមក។ យ៉ាងណាក្តី ការលក់នៅមានកម្រិតទាបខ្លាំង ពិសេសសម្រាប់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម និងសម្រាប់បណ្តា ក្រុមហ៊ុនជាច្រើននៅខេត្តសៀមរាប។
បច្ចុប្បន្នកាលសេដ្ឋកិច្ចកម្ពុជា គឺជារបាយ ការណ៍ចេញផ្សាយពីរដងក្នុងមួយឆ្នាំ ដើម្បីផ្តល់ព័ត៌មាន បច្ចុប្បន្នភាពស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចរបស់កម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម៕