អាជីវករខ្មែរ ចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿបានជាធម្មតាវិញ ខណៈច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀម បើកឱ្យដំណើរការជាបណ្ដោះអាសន្ន

0
16

បាត់ដំបង៖ គណៈកម្មការព្រំដែនកម្ពុជា-ថៃ បានប្រជុំសម្រេចថា ឲ្យពលរដ្ឋកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃទៅព្រឹកមកល្ងាច ឲ្យអាជីវករខ្មែរចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿស្រុកអារញ្ញជាធម្មតាវិញ និងបើកឲ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀម បណ្ដោះអាសន្នជាច្រកដឹកទំនិញដើម្បីកាត់បន្ថយការកកស្ទះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ នេះ គណៈកម្មការព្រំដែនកម្ពុជា-ថៃ បានជួបប្រជុំគ្នាដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ ការជួបប្រជុំធ្វើឡើងនៅច្រកទ្វារព្រំដែនខៅឌិន-ភ្នំដី ស្រុកខ្លងហាត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ទល់នឹង ស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា។ ដោយកិច្ចការប្រជុំនេះមានការចូលរួមភាគីខាងកម្ពុជា ពីសំណាក់ លោកអភិបាលខេត្តបន្ទាយមានជ័យ លោកអភិបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោច័ន្ទ រដ្ឋា មេបញ្ជាការរង យោធភូមិភាគទី៥ ទទួលបន្ទុកការងារព្រំដែន ព្រមទាំងក្រុមការងារទំនាក់ទំនងព្រំដែនទាំងអស់ និងភាគីថៃដឹកនាំដោយ អភិបាលខេត្តស្រះកែវ មេបញ្ជាការកងការពារកម្លាំងបូព៌ា នាយសេនាធិការរងសន្តិសុខផ្ទៃក្នុងខេត្តស្រះកែវ តំណាងក្រសួងមហាផ្ទៃ កុងស៊ុល ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធការងារព្រំដែន។

កិច្ចប្រជុំពិភាក្សាការងារពិគ្រោះយោបល់ទៅលើការបន្ធូរបន្ថយច្បាប់ស្ដីពីការគ្រប់គ្រងស្ថានការក្នុងគ្រាអាសន្នដើម្បីជួយដោះស្រាយដំណើរការសេដ្ឋកិច្ចក្នុងតំបន់ដោយពិភាក្សាគ្នាដូចខាងក្រោមនេះ
១. ឲ្យពលករកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងព្រះរាជាណាចក្រថៃ
២. ឲ្យអាជីវករកម្ពុជាចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវព្រះរាជាណាចក្រថៃ
៣. បើកប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន បណ្ដោះអាសន្នជាច្រកដឹកទំនិញដើម្បីកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខ្លងឡឹក។

ជាលទ្ធផលប្រជុំបានឯកភាពសម្រេចលើគោលការណ៍មួយចំនួនដូចជា៖
១. ឲ្យពលរដ្ឋកម្ពុជាចូលទៅធ្វើការក្នុងវិស័យកសិកម្មក្នុងប្រទេសថៃទៅព្រឹកមកល្ងាចតែត្រូវអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃកូវិដ-១៩បញ្ហានេះសម្រេចលើភាគីទាំងសងខាងត្រូវពិចារណាវិធានការសុខាភិបាលជាកត្តាចាំបាច់។
២. ឲ្យអាជីវករខ្មែរចូលទៅប្រកបអាជីវកម្មក្នុងផ្សាររោងក្លឿស្រុកអារញ្ញជាធម្មតាវិញ តែតម្រូវឲ្យធ្វើចត្តាឡីស័ករយ:ពេល ១៤ថ្ងៃ ហើយអាចរស់នៅទីនោះរយៈពេល២-៣ខែ
៣. បើកឲ្យប្រើប្រាស់ច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀម បណ្ដោះអាសន្នជាច្រកដឹកទំនិញដើម្បីកាត់បន្ថយការកកស្ទះនៅតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។

គួឲ្យដឹងផងដែរថា ចំពោះបញ្ហាដែលនៅសល់ភាគីទាំងពីរបានឯកភាពគ្នាដោះស្រាយបន្តទៀតនៅក្នុងកិច្ចប្រជុំនារសៀលថ្ងៃនេះភាគីទាំងពីរ កម្ពុជា-ថៃ បានឯកភាពគ្នានិងធ្វើរបាយការណ៍រួមមួយដើម្បីសម្រេចរាល់ការពិភាក្សា និងដំណោះស្រាយនៅក្នុងពិធីប្រជុំក្នុងថ្ងៃនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here