ជប៉ុនប្រកាសជំហបន្តជួយកម្ពុជា ដោះស្រាយបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច សង្គមនិងការអភិវឌ្ឍ

0
11

ភ្នំពេញ៖ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានអះអាងថា រដ្ឋាភិបាលជប៉ុននៅតែរក្សាជំហបន្តចូលរួមដោះស្រាយបញ្ហាប្រឈមនានាដែលកម្ពុជាជួបប្រទះ ដូចជា ផ្នែកសេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍនានា។នេះបើយោងតាមក្រសួងព័ត៌មាន។

ការអះអាងរបស់លោកបែបនេះ បានធ្វើឡើងក្នុងឱកាសចុះហត្ថលេខាផ្តល់ និងទទួលជំនួយឥត សំណងសរុបចំនួន ៣៩២,៣៧១ ដុល្លារអាមេរិក ដែលជាថវិកាស្ថិតក្រោមក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន តាមរយៈគម្រោងជំនួយឥតសំណងសម្រាប់គម្រោងសន្តិសុខមនុស្សធម៌ ដែលភាសាជប៉ុនហៅថា គូសាណូណិ (KUSANONE) សម្រាប់កម្ពុជាយកទៅអភិវឌ្ឍប្រព័ន្ធ សេដ្ឋកិច្ចនៅតាមជនបទ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ។

ថវិកាទាំងនេះ ត្រូវបានផ្តល់ទៅឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុងចំនួនជាង១៩ម៉ឺនដុល្លារ សម្រាប់ការកែលម្អផ្លូវ ដើម្បីធានាឱ្យបាននូវសុវត្ថិភាពក្នុងការឆ្លងកាត់របស់ប្រជាជន និងការដឹកជញ្ជូនផលដំណាំកសិកម្មក្នុងស្រុកបុទុមសាគរ ទន្ទឹម
នឹងថវិកាជាង៩ម៉ឺនដុល្លារ ផ្តល់ការគាំទ្រសម្រាប់គម្រោងស្តារប្រព័ន្ធធារាសាស្ត្រ នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងថវិកាជាង១០ម៉ឺន ដុល្លារទៀត សម្រាប់គម្រោងសាងសង់ឃ្លាំង និងម៉ាស៊ីនកិនស្រូវ នៅស្រុកកោះញែក និងសាងសង់មជ្ឈមណ្ឌលប្រមូលផ្តុំវេចខ្ចប់និងចែកចាយកសិផល រួមជាមួយនឹងបន្ទប់ត្រជាក់រក្សាកសិផលនៅក្រុងសែនមនោរម្យខេត្តមណ្ឌលគីរី។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា បើទោះបីជាកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សក៏ដោយ ក៏ប្រទេសមួយនេះនៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន។

យោងតាមរបាយការណ៍របស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ មកដល់បច្ចុប្បន្ន ជំនួយគូសាណូណិ សម្រាប់គម្រោងអភិវឌ្ឍខ្នាតតូចនៅកម្ពុជា មានប្រមាជាង៦០០គម្រោងដែលមាន ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការលើកកម្ពស់ការអប់រំនៅកម្រិតមូលដ្ឋាន សុខាភិបាលកម្រិតមូលដ្ឋាន និងកសិកម្មជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here