បញ្ជាក់! បេក្ខជនប្រឡងបាក់ឌុបគឺជាប់ដោយស្វ័យប្រវត្តិ តែគ្មានការកំណត់និទ្ទេសឡើយ

0
14

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅតែបញ្ជាក់ដដែលថា ចំពោះបេក្ខជនដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬ ឌីប្លូម និងប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប គឺនឹងបានជាប់ជាស្ថាពរ ដោយគ្មានកំណត់និទ្ទេសឡើយ ។ ការធ្វើបែបនេះ គឺដើម្បីបង្ការ និងទប់ស្កាត់កុំឱ្យមានការរីករាលដាលនៃជំងឺកូវីត-១៩។ នេះបើយោងតាមក្រសួងព័ត៌មាន។

ការបន្តលើកឡើងរបស់ក្រសួងអប់រំនេះ បានធ្វើឡើងបន្ទាប់ពីមានបេក្ខជនមួយចំនួន ពិសេសអ្នកដែលរៀនពូកែ ចង់ឱ្យមានគិតជានិទ្ទេស ដើម្បីងាយស្រួល ក្នុងការដាក់ពាក្យ ស្វែងរកអាហារូបករណ៍ បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក្រសួងអប់រំ យុវជននិងកីឡា នៅតែគោរពតាមគោលការណ៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺជាប់ទំាងអស់ដោយគ្មានគិតនិទ្ទេសឡើយ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅតែបញ្ជាក់ដដែលថា ការសម្រេចឱ្យជាប់ដោយមិនឆ្លងកាត់ការប្រឡងនេះ គឺជាប់ចំពោះបេក្ខជន ដែលបានចុះឈ្មោះប្រឡងឆ្នាំសិក្សា២០១៩-២០២០ បេក្ខជនស្វ័យរិន បំពេញវិជ្ជា គឺជាប់ដោយគ្មានការកំណត់និទ្ទេសឡើយ។

លោកថា «ខ្ញុំបាទសូមអនុញ្ញាតបញ្ជាក់ជូនថាក្រសួងអប់រំ យុវជន និងកីឡាកំណត់ឱ្យ “ជាប់ជាស្ថាពរ” ចំពោះ បេក្ខជនទាំងអស់ (រួមទាំង បេក្ខជនស្វ័យរិន បេក្ខជនបំពេញវិជ្ជា និងស្វ័យរិនបំពេញវិជ្ជា) ដែលបានចុះឈ្មោះប្រឡង ឆ្នាំសិក្សា២០១៩-២០២០ ដោយគ្មានការកំណត់និទ្ទេស»។

លោក សូមចូលរួមអបអរសាទរចំពោះប្អូនៗ ដែលជាប់បាក់ឌុបនិងឌីប្លូមទាំងអស់ ហើយត្រូវចាំថា ការជាប់ដោយស្វ័យប្រវត្តិនេះ គឺជាការចាប់ផ្ដើមថ្មីមួយក្នុងជីវិតមិនមែន ជាទីបញ្ចប់ទេ ។ ដូច្នេះប្អូនៗ ត្រូវចាំថាការសិក្សាមានទុនមួយជីវិត និងអាចត្រៀមខ្លួនរៀន កម្រិតឧត្តមសិក្សា ឬរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ តាមឧបនិស្ស័យនិងគោលបំណងជីវិត រៀងៗខ្លួន។ ចំណែកការជាប់ឌីប្លូម សូមប្អូនៗត្រៀមចូលរៀនថ្នាក់ទី ១០បន្ដទៀត។

សូមជម្រាបថា បេក្ខជនដែលបានដាក់ពាក្យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួន ជាង១២១,១០៨នាក់ (ស្រី៦៣,៩០៨នាក់)។ ក្នុងចំណោមនោះ បេក្ខជនថ្នាក់វិទ្យាសាស្ដ្រ ៤០,៧៤៦នាក់ (ស្រី២៣,៦២៩នាក់) និងថ្នាក់វិទ្យាសាស្ដ្រសង្គម ៨០,៣៦២នាក់ (ស្រី៦៦.៣៥នាក់)។បេក្ខជនចំណេះទូទៅ ចំនួន១០១,៩៦៦ នាក់, បេក្ខជនស្វ័យរិន ១៣,៩៨១នាក់, បេក្ខជនបំពេញវិជ្ជា ៣,២៤៦នាក់ និងបេក្ខជនស្វ័យរិនបំពេញវិជ្ជា ១,៩១៥នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here