ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំទៅដល់ខេត្តជាប់ព្រំដែនថៃ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការត្រួតពិនិត្យរាល់អ្នកដំណើរចូលមកកម្ពុជា ព្រោះ ខេត្តសាមុតសាខន នៃប្រទេសថៃ កំពុង ផ្ទុះជំងឺកូវីដ-១៩ខ្លាំង។
រដ្ឋមន្ដ្រីសុខាភិបាល អំពាវនាវបែបនេះបន្ទាប់ពីទទួល បានព័ត៌មានតាមរយៈការចុះផ្សាយព័ត៌មានរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ និងការដាស់តឿនឲ្យប្រុង ប្រយ័ត្នរបស់ក្រសួងសុខាភិបាលថៃសម្រាប់មន្ទីរពេទ្យនៅទីក្រុងបាងកក ស្តីពីការផ្ទុះឡើងនូវការឆ្លង រាលដាលនៃវីរុសកូវីដ-១៩ នៅខេត្តសាមុតសាខន (Samut Sakhon province of Thailand) នៃប្រទេស ថៃ រហូតដល់ជាង ៥០០នាក់ហើយដែលបានឆ្លង ដែលភាគច្រើនជាប្រជាជនភូមាដែលបានបម្លាស់ទី មកធ្វើការនៅក្នុងខេត្តនោះ រហូតដល់បច្ចុប្បន្ននេះ មានការប្រកាសឲ្យបិទខេត្តនេះ។
យោងតាមសេចក្ដីណែនាំបន្ទាន់របស់ ក្រសួងសុខាភិបាល កម្ពុជា នៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ដោយសារខេត្តសាមុតសាខននៃប្រទេសថៃនេះ មានចម្ងាយមកប្រទេសកម្ពុជាប្រហែលជា ៣០០ គីឡូម៉ែត្រ និងមានខេត្តដែលមានច្រកចេញចូលជាមួយប្រទេសថៃ ដូចជាខេត្តកោះកុង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ជាដើមនោះ និងដើម្បីការពារការចម្លងវីរុសកូវីដ-១៩ ចូលមកក្នុងប្រទេសកម្ពុជាជាយថាហេតុ ដោយសារការចល័តរបស់បុគ្គល ឬរបស់អ្នកដំណើរដែលមាន ផ្ទុកនូវវីរុសកូវីដ-១៩ លោក ម៉ម ប៊ុនហេង បានណែនាំដូចជា៖
ទី-សូមបណ្តាខេត្តនៅតាមបណ្តោយព្រំដែនជាប់ប្រទេសថៃ ត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងការ ត្រួតពិនិត្យរាល់អ្នកដំណើរដែលចូលមកកម្ពុជា ដោយត្រូវឆែកសុខភាព ឲ្យបានហ្មត់ចត់ជាទីបំផុត ជាពិសេសត្រូវវាស់កំដៅ បំពេញទម្រង់ប្រកាសសុខភាពអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត។
ទី២- រាល់អ្នកដំណើរចូលមកកម្ពុជា ត្រូវដាក់ឲ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ ជាចាំបាច់។
ទី៣-ត្រូវយកវត្ថុសំណាកអ្នកដំណើរ បញ្ជូនមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខ ភាពសាធារណៈ និងមន្ទីរពេទ្យខេត្តសៀមរាប នៅថ្ងៃដែលបុគ្គលមកដល់ច្រកចូលប្រទេសកម្ពុជា។
ទី៤- ត្រូវរៀបចំទីកន្លែងឲ្យមានគម្លាតសុវត្ថិភាពពីបុគ្គលម្នាក់ទៅម្នាក់ឲ្យបានពីមួយម៉ែត្រកន្លះឡើងនៅ កន្លែងវាស់កំដៅ កន្លែងបំពេញបែបបទចូលមកកម្ពុជា ឬកន្លែងរងចាំយកវត្ថុសំណាក ជាដើម។
ទី៥-អាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវចូលរួមនៅក្នុងការត្រួតពិនិត្យការធ្វើចត្តាឡីស័កអ្នកដំណើរចូលមកកម្ពុជានេះ ឲ្យបានត្រឹមត្រូវ ចៀសវាងការរបូតចេញពីទីកន្លែងធ្វើចត្តាឡីស័កដោយយថាហេតុណាមួយដែលយើង មិនបានដឹង។
ទី៦-សម្រាប់បងប្អូននៅតាមសហគមន៍ សូមចូលរួមផ្តល់ព័ត៌មានដល់អាជ្ញាធរភូមិ-ឃុំ ប្រសិនបើមានជន ចំណូល ថ្មី ចូលមកសហគមន៍របស់ខ្លួន ហើយមិនបានធ្វើការត្រួតពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃទេនោះ ដើម្បីរួមគ្នាទប់ស្កាត់ការចម្លងចូលក្នុងសហគមន៍របស់បងប្អូន ដែលអាចមានជាយថាហេតុ។
និងទី៧- ត្រូវរាយការណ៍ជាបន្ទាន់នូវរាល់ករណីសង្ស័យមានការឆ្លងវីរុសកូវីដ-១៩ ទៅអាជ្ញាធរសុខាភិបាល ឬអាជ្ញាធរនៅមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើការស្រាវជ្រាវបានទាន់ពេលវេលា៕