ត្រៀមអាវរងារ! កម្ពុជា នឹងចុះត្រជាក់ដល់១៧អង្សាសេ ដោយសាររងឥទ្ធិពលពីព្យុះ ក្រវាញ

0
11

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា នៅតាមតំបន់មួយចំនួន នៃប្រទេសកម្ពុជា នឹងចុះត្រជាក់ដល់ ១៧អង្សាសេ ដោយសារឥទ្ធិពលពីទី២៣ ព្យុះឈ្មោះ ក្រវាញ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី២១ ធ្នូនេះ បានឲ្យដឹងថា តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែងនៃស្ថានភាព អាកាសធាតុបង្ហាញឲ្យឃើញថា វិសម្ពាធ ( Tropical Depression) ដែលបាន និងកំពុងស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពល របស់ខ្លួនទៅជាកូនព្យុះ ទី២៣ ឈ្មោះ ក្រវាញ (KROVANH) ។ តាមការ៍ព្យាករព្យុះនេះ នឹងធ្វើដំណើរឆ្ពោះមកទិសខាងលិច ចូលកៀកចុងជ្រោយឥណ្ឌូចិនខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយនឹងថមថយឥទ្ធិពលទៅជាវីសម្ពាធ (Tropical Depression) នៅពេលចូលមកដល់ ទីក្រុងកាន់ធី និងខេត្តច្ចដុក ភាគខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា ។ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិសម្ពាធនេះ បានថយឥទ្ធិពលទៅជាសម្ពាធទាប ( Low Pressure) ដើរចូលទៅសមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ ។

ក្រសួងធនធានទឹក បញ្ជាក់ថា លក្ខណៈបែបនេះ នឹងធ្វើឲ្យធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ មានស្ថានភាពដូចខាងក្រោម ៖

-បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ផ្ទៃមេឃមានពពកច្រើនសីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅក្នុងរង្វង់ពី ១៧ ទៅ ២០អង្សាសេ ។

-បណ្តាខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមាក្នុង រង្វង់ពី ១៨ ទៅ ២១អង្សាសេ នឹងអាចមានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅមធ្យម ។

-បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃមាន ពពកច្រើនមីដេរដាស សីតុណ្ហភាពអប្បបរមាក្នុងរង្វង់ពី ២០ ទៅ ២៣អង្សាសេ នឹងអាច មានភ្លៀងធ្លាក់កម្រិតពីខ្សោយទៅបង្គួរ មានខ្យល់បក់បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រមានកម្ពស់ខ្ពស់ៗ ។

ពាក់ព័ន្ធបញ្ហានេះដែរ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ សូមបង្កើនការ យកចិត្តទុកដាក់ប្រុងប្រយ័ត្ន ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជា យថាហេតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here