ភ្នំពេញ៖ ដោយគោរពតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន៩០គ្រឿង នៅម៉ោងប្រមាណ៦៖០០នាទី យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នេះ ទៅកាន់គោលដៅក្នុងច្រកព្រំដែនអូស្មាច់ និងច្រកព្រំដែនដូង។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើរសារជាសំឡេងជូនជនរួមជាតិ អំពីស្ថានភាព និងការផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសថៃ រួមទាំងបានណែនាំដល់ប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដើម្បីទប់ស្កាត់បង្កជំងឺកូវីដ១៩ ដោយក្នុងខ្លឹមសារនោះ សម្តេចបានបញ្ជាឲ្យកងទ័ពចេញរថយន្តទៅដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋដោយត្រៀមទទួលបទបញ្ជាពីអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក ត្រូវចេញទៅទាំងយប់ ទៅកាន់៣ច្រក ដែលបានត្រៀមបម្រុងទុក សម្រាប់ច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដោយមិនអនុញ្ញាតិឲ្យបងប្អូនប្រជាពលរដ្ឋចូលមកកម្ពុជា ធ្វើដំណើរដោយរថយន្តតាក់ស៊ី និងធ្វើដំណើរបែកខ្ញែក ដែលខ្វះការគ្រប់គ្រង នាំទៅដល់ហានិភ័យ ឆ្លងចូលសហគមន៍៕





