ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើថ្នាក់ដឹកនាំនិងអ្នកពាក់ព័ន្ធទូទាំងខេត្តប៉ៃលិនខិតខំរួមគ្នាធ្វើការអភិវឌ្ឍ ខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តប៉ៃលិនថ្មីនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចស ខេងបានមានប្រសាសន៍ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលគ្រប់ថ្នាក់នៃខេត្តប៉ៃលិន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត មន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលខិតខំរួមគ្នាជំរុញការអភិវឌ្ឍខេត្តឲ្យសម្រេចបានសមិទ្ធផលលើគ្រប់វិស័យ និងបានទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ មិនឱ្យមានការចម្លងជំងឺនេះក្នុងសហគមន៍ នៅក្នុងភូមិសាស្រ្តខេត្តប៉ៃលិន ។
សម្ដេច បន្ថែមថា ” ស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ព្រមទាំងប្រជាពលរដ្ឋទូទាំង ខេត្តប៉ៃលិន ផ្តល់ការគាំទ្រដល់លោកជំទាវ បាន ស្រីមុំ ដើម្បីបន្តរួមគ្នាថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនិងខិតខំរួមគ្នាធ្វើការ អភិវឌ្ឍខេត្តប៉ៃលិនឲ្យកាន់តែមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្តទៀត”។
នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍គូសបញ្ជាក់អំពីភាពចាំបាច់នៃការប្រមូលផ្ដុំកម្លាំងផ្ដោតលើកិច្ចការអាទិភាពមួយចំនួន ដូចជា ការបន្តថែរក្សា និងពង្រឹងសន្តិភាព និងស្ថិរភាពនយោបាយ, អំពីសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម, ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, អំពីការផ្តល់សេវាសាធារណៈ និងការបន្តអនុវត្តវិធានការនានាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់នានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ។
ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សម្ដេចឧបនាយករដ្ឋមន្រ្តីបានរំលឹកជូនអង្គពិធីអំពីករណីឆ្លងជំងឺកូវីដ១៩ ក្នុងកម្រិតសហគមន៍នៅខេត្តសាមុតសាខន ប្រទេសថៃជាង៥០០ករណីក្នុងមួយថ្ងៃដែលជាករណីកើនឡើងដ៏គំហុក និងកំពុងបន្តឆ្លងក្នុងសហគមន៍នៅទីក្រុងបាងកក និងបានមានប្រសាសន៍ថាខេត្តប៉ៃលិន ដែលជាប់ព្រំដែនត្រូវយកចិត្តទុកដាក់ខ្ពស់តាមការណែនាំរបស់សម្ដេចតេជោនាយករដ្ឋមន្រ្តី។
សម្ដេចក៏បានណែនាំឱ្យថ្នាក់ដឹកនាំខេត្ត បន្តពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងខិតខំបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្រ្តី នៅតាមអង្គភាពនីមួយៗ និងបែងចែកប្រគល់ភារកិច្ចដល់មន្រ្តីរាជការគ្រប់ៗរូបឱ្យស្របតាមសមត្ថភាព មុខជំនាញ និងស្របតាមតួនាទី ភារកិច្ចនៃអង្គភាពដែលមន្រ្តីទាំងនោះកំពុងបំពេញការងារ សំដៅរួមគ្នា លើកកម្ពស់ប្រសិទ្ធភាព និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចនៃអង្គភាពនីមួយៗ ដោយតម្កល់ប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ។
ជាមួយគ្នានោះដែរ លោកស្រី បាន ស្រីមុំ អភិបាលថ្មីនៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានប្ដេជ្ញាចិត្តខិតខំបំរើជាតិ និងប្រជាជនក្នុងខេត្តប៉ៃលិនឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ពិសេសេសនឹងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍខេត្តឱ្យមានការរីកចំរើនគ្រប់វិស័យ នៅក្នុងនឹងបរិបទថ្មីនៃការប្រឈមការរីករាលដាលជំងឺកូវីដ១៩នេះ៕