រដ្ឋមន្ត្រី​មហាផ្ទៃ​ ប្រាប់​អាជ្ញាធរឱ្យទទួលយក ព័ត៌មានរិះគន់ពីពលរដ្ឋ

0
6

ភ្នំពេញ​: សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំទៅដល់អាជ្ញាធរពាក់ព័ន្ធទូទាំងប្រទេសត្រូវតែទទួលយកព័ត៌មានតិទៀនដើម្បីជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងតម្លាភាព ជាពិសេស អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់អប់រំ និងបកស្រាយបំភ្លឺជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាចំពោះការបំផុសបំផុល ផ្សព្វផ្សាយព័ត៌មានមិនពិត និងសកម្មភាពផ្សេងៗ ដែលមានចរិតអុជអាល បង្កឲ្យមានហិង្សាក្នុងសង្គម។

សម្ដេចក្រឡាហោម ក៏បានណែនាំបន្ថែមដល់អាជ្ញាធរដែលពាក់ព័ន្ធថា ត្រូវខិតខំបំផុសការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីឲ្យពួកគាត់គោរពច្បាប់ និងចូលរួមការពារផលប្រយោជន៍សាធារណៈ ផលប្រយោជន៍សហគមន៍ និងត្រូវជៀសវាងការចូលរួមក្នុងសកម្មភាពទាំងឡាយណាដែលផ្ទុយពីច្បាប់។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «យើងដឹងទាំងអស់គ្នាហើយថា មជ្ឈដ្ឋានប្រឆាំង តែងតែយកបញ្ហានេះដើម្បីលើកឡើង ផ្សព្វផ្សាយអំពីការរារាំងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។ ការពិតទៅដូចដែលយើងបានដឹងទាំងអស់គ្នាហើយ ផ្អែកតាមរដ្ឋធម្មនុញ្ញជាច្បាប់គោល ហើយច្បាប់ផ្សេងទៀត ដូចជា ច្បាប់សារព័ត៌មានជាដើម គឺមិនមានគោលបំណងដើម្បីនឹងបិទសេរីភាពបញ្ចេញមតិអ្វីទេ បញ្ហាធំបំផុតគឺយើងចង់បានមតិពិត។ មតិពិត មានន័យថា ជាមតិលើកសរសើរផង និងមតិរិះគន់ផង ប៉ុន្ដែយើងមិនចង់បានមតិ ដែលក្លែងក្លាយនោះទេ។ មតិមិនពិត ក្លែងក្លាយ មានន័យថា ការប្រឌិត ញុះញង់ ថាឲ្យតែបានទៅ គ្មានការទទួលខុសត្រូវ»។

សម្ដេចក្រឡាហោម បន្ដថា នៅលើសកលលោកប្រហែលជាមិនត្រូវការព័ត៌មានមិនពិតឡើយ ព្រោះថា យកទៅប្រើប្រាស់មិនកើតឡើយ ចង់បានតែព័ត៌មានពិត ដើម្បីងាយស្រួលធ្វើការងារអ្វីមួយជូនប្រជាពលរដ្ឋ។សម្ដេចថា អាជ្ញាធរគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់គ្រប់គ្រងដោះស្រាយជម្លោះ និងការទាមទារតវ៉ានានាប្រកបដោយសន្តិវិធី ផ្អែកលើគោលការណ៍ច្បាប់ និងត្រូវជៀសវាងដាច់ខាតនូវអំពើហិង្សាតាមគ្រប់រូបភាពផងដែរ។

ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានលើកឡើងថា «សូមកុំភ្លេចថា ព័ត៌មានពិត ទាល់តែគេសរសើរយើង បានយើងថា អាណុងជាព័ត៌មានពិត។ ដល់គេតិទៀនយើង តែជាព័ត៌មានពិត បែរជាយើងថា ជាព័ត៌មានមិនពិតនោះទេ។ ការពិតយើងចង់បាន អាសរសើរក៏យើងចង់បាន អាមិនសរសើរក៏យើងចង់បាន ប៉ុន្តែឲ្យវាពិត។ កាលណា យើងចូលចិត្តតែស្តាប់ការសរសើរ មិនចូលចិត្តស្តាប់ការរិះគន់ ប្រែមកថា មិនពិត មានន័យថាម៉េច? ព្រោះមនុស្សម្នាក់ៗ គ្មាននរណាម្នាក់ ធ្វើល្អឥតខ្ចោះទេ ធ្វើត្រូវទាំងអស់ទេ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here