ភ្នំពេញ៖ ក្រសួងសុខាភិបាល បានសេចសេចក្ដីណែនាំស្តីពី ការពារការចម្លងវីវុសកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងអំឡុងពេលឆ្លង ឆ្នាំសកលថ្មី និងសម្រាប់ឆ្នាំ២០២១ នាពេលខាងមុខនេះ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា ក្រសួងបាន អំពាវនាវសាជាថ្មី ដល់សាធារណជន ប្រជាពលរដ្ឋកម្ពុជា រួមទាំងជនបរទេសទាំងអស់ ដែលកំពុងស្នាក់នៅកម្ពុជា ត្រូវបន្តចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ នៅក្នុងទ្រង់ទ្រាយតូចក្ដី ឬ ធំក្ដី នាអំឡុងពេលគ្រីស្មាស់ចូលឆ្នាំថ្មី ពេលឆ្លងឆ្នាំសាកលថ្មី និងសម្រាប់ឆ្នាំ២០២១ ដោយអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួន តាមការណែនាំ របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងទៅកាន់ជនរួមជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដូចខាងក្រោម៖
ទី១-សូមបន្ត «ការរស់នៅធម្មតាតាមបែបគន្លងថ្មី» ដោយអនុវត្តន៍នូវវិធាន «ការពារ» គឺ ក. ពាក់ម៉ាស់រាល់ ពេលចេញក្រៅផ្ទះ (បើមានការចំបាច់), ខ. លាងដៃញឹកញាប់ជាមួយសាប៊ូ, អាល់កុល ឬទឹកដែលលាងដៃ, និងគ. រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១ម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា នៅគ្រប់កន្លែង គ្រប់ពេលវេលា និងគ្រប់កាលៈទេសៈ។
ទី២-សូមអនុវត្តន៍វិធាន «៣កុំ» គឺ ក. កុំទី១ គឺកុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងដែលមានខ្យល់ចេញចូល, ខ. កុំទី២ គឺកុំទៅកន្លែងមានមនុស្សច្រើនកុះករ, និង កុំ ទី៣ គឺ កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នា នៅពេលជូនគ្នាជាដើម ហើយអ្នកមានផ្កាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ ឬមានអាការៈមិនស្រួលសូមពាក់ម៉ាស់ និងស្វែងរកសេវាពិគ្រោះពិនិត្យ និងព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យរដ្ឋ ឬទូរសព្ទមកលេខទាន់ហេតុការណ៍ ១១៥ ដើម្បីពិគ្រោះយោបល់។
ទី៣-មិនត្រូវមានការជួបជុំគ្នា ដែលមានមនុស្សលើសពី ២០នាក់ និងត្រូវអនុវត្តន៍វិធានការសុខាភិបាល ឱ្យបានត្រឹមត្រូវ ដូចបានណែនាំខាងលើនេះស្រាប់ជាចំបាច់។ ពេលនេះជាដំណាក់កាលចំបាច់បំផុតដែល យើងទាំងអស់គ្នា ត្រូវរួមសាមគ្គីគ្នា ក្នុងការអនុវត្តវិធានការសុខាភិបានដ៏មានសារៈសំខាន់នេះ ដើម្បីទប់ស្កាត់ការចម្លងរាលដាល ក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំក្ដី និងដើម្បីបងប្អូនអាចបន្តការរស់នៅជាធម្មតាតាម បែបគន្លងថ្មី ជាប្រចាំ។ សូមកុំភ្លេចវីរុសកូវីដ-១៩ ព្រោះវីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយ ទេ ហើយវីរុសដ៏កាចសាហាវនេះក៏មិនភ្លេចយើងដែរ បើយើងធ្វេសប្រហែស វីរុសនេះនឹងវាយលុកសរីរាង្គកាយ យើងហើយ។ ដូច្នេះ មានតែវិធីការពារខ្លួនឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំខាងលើនេះទេ ដែលអាចជួយទប់ស្កាត់បានជាអតិបរិមា នូវការចម្លងពីបុគ្គលទៅបុគ្គល ពីបុគ្គលទៅក្រុមគ្រួសារខ្លួន និងពីបុគ្គលទៅជាការចម្លងរាតត្បាត ក្នុងសហគមន៍ទ្រង់ទ្រាយធំ។
និងទី៤-នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សារទំនើប ធនាគារ និងកន្លែងពាណិជ្ជកម្មផ្សេងៗ ត្រូវត្រួតពិនិត្យឱ្យបានហ្មត់ចត់ បើអតិថិជនមិនមានពាក់ម៉ាស់ គឺមិនអនុញ្ញាតឱ្យចូលក្នុងទីកន្លែងរបស់ខ្លួនឡើយ ហើយត្រូវមានការវាស់កំដៅ និងរៀបចំកន្លែងអង្គុយរក្សាគម្លាតគ្នា មួយម៉ែត្រកន្លះឡើងទៅ មានទឹកអាល់កុល ឬទឹកជែល សម្រាប់អតិថិជនលាងដៃ និងនៅតាមបន្ទប់ទឹក ត្រូវមានសាប៊ូលាងដៃជាប្រចាំ៕