ពលករខ្មែរជាង១០០នាក់ ត្រូវដាក់អោយធ្វើចត្តាឡីស័ក ១៤ថ្ងៃ ក្រោយធ្វើដំណើរមកពីប្រទេសថៃ

0
8

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលវិលចូលប្រទេស តាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ចំនួន ១០២នាក់ ត្រូវបានយកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសាលាវិទ្យាល័យ តេ ជោ សែន ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

យោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអោយដឹងថា ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។

ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១០២នាក់ ស្រី ៤១នាក់។

ដោយឡែកនៅវេលាម៉ោង ១០និង៣០នាទី មានឡានកងពលតូចដឹកជញ្ជូនលេខ៩៩ ចំនួន ១៣ឡាន បានមកត្រៀមចាំដឹកជញ្ជូនពលករ ដែលវិលត្រឡប់ចូលមកប្រទេសវិញទាំងអស់ ដើម្បីយកទៅធ្វើចត្តាឡីស័ក ១៤ថ្ងៃ នៅសាលាវិទ្យាល័យ តេ ជោ សែន ក្រុងសំរោង ខេត្តឧត្តរមានជ័យ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាវិធានការ របស់ក្រសួងសុខាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here