ចិន ផ្ដល់ជំនួយជាសម្ភារ និងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូន មានតម្លៃប្រមាណ ៣លានដុល្លារ ដល់កម្ពុជា

0
10

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចូលរួមជាអធិបតីភាពពិធីប្រគល់សម្ភារជានិមិត្តរូបដែលជាជំនួយរបស់ក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន តាមរយៈក្រុមហ៊ុន Spark Co., Ltd នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន។

តាមរយៈអនុស្សរណៈកាត់បន្ថយកាបូន ក្រសួងអេកូឡូស៊ី និងបរិស្ថាន តាមរយៈក្រុមហ៊ុន Spark Co., Ltd, បានផ្តល់ឱ្យក្រសួងបរិស្ថានកម្ពុជា នូវសម្ភារមួយចំនួនរួមមាន៖ អំពូលបំភ្លឺផ្លូវចំនួន ២,៨០០ដើម សូឡា PV ចំនួន២០០គ្រឿង ម៉ូតូអាគុយចំនួន២០០គ្រឿង និងឧបករណ៍សម្រាប់មន្ទីរពិសោធន៍ត្រួតពិនិត្យគុណភាពខ្យល់ចំនួន២០ សម្រាប់សរុបជាទឹកប្រាក់ប្រមាណ ៣លានដុល្លារ។

ជំនួយជាសម្ភារនិងបរិក្ខាកាត់បន្ថយការបញ្ចេញកាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការគម្រោងសាកល្បងបញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្តដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការកាត់បន្ថយការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុមរមនាបរិស្ថាន និងការស់នៅដោយចីរភាព។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងថាជំនួយជាសម្ភារៈទាំងនេះ គឺជាការរឹតចំណងមិត្តភាពរវាងប្រទេសទាំងពីរ ហើយនឹងជួយប្រទេសកម្ពុជាលើផ្នែកវិស័យបរិស្ថាន។

ជាការឆ្លើយតប លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិនដែលបានផ្តល់ជំនួយសម្ភារៈនេះ។

លោករដ្ឋមន្ត្រី បានថ្លែងថា សម្ភារៈបំភ្លឺខាងលើនឹងត្រូវដាក់ឱ្យប្រើនៅតាមទីសាធារណៈក្នុងខេត្តព្រះសីហនុ ជាពិសេសនៅបំភ្លឺនៅតាមសាលារៀននានាក្នុងខេត្តព្រះសីហនុ ហើយក៏ដើម្បីអនុញ្ញាតឱ្យសិស្សានុសិស្សបាន សិក្សាពីសម្ភារៈប្រើប្រាស់ថាមពលព្រះអាទិត្យ ក៏ដូចជាជួយបំភ្លឺកន្លែងហាត់កីឡានានា។ លោកបានឱ្យដឹងថាគោលដៅសំខាន់ជគឺធ្វើឱ្យឪពុកម្តាយសិស្សវិលត្រឡប់មកសាលារៀនដើម្បីហាត់កីឡា និងមានឱកាសអាចជជែកពិភាក្សាជាមួយលោកគ្រូ អ្នកគ្រូ។

លោក សាយ សំអាល់ បានបន្តថាម៉ូតូអាគុយ និងឧបករណ៍សម្រាប់ត្រួតពិនិត្យគុណភាពខ្យល់ត្រូវបានយកមកប្រើប្រាស់នៅទីស្តីការក្រសួងបរិស្ថាន នៅមន្ទីពិសោធន៍ និងតាមទីតាំងត្រួតពិនិត្យតាមដានរបស់ក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២០ ក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា សម្រេចបានអនុស្សរណៈយោគយល់ និងកិច្ចព្រមព្រៀងជាមួយស្ថាប័នសំខាន់ៗនៃសារធារណៈរដ្ឋប្រជាមានិតចិន ចំនួន៨ គ្រប់ដណ្តប់លើទី១៖ កិច្ចសហប្រតិបត្តិការគាំពារបរិស្ថានកម្ពុជា-ចិន, ទី២៖ ការបង្កើតការិយាល័យរៀបចំមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការបរិស្ថានកម្ពុជា-ចិន, ទី៣៖ ការផ្ដល់ជំនួយឧបករណ៍ប្រព្រឹត្តកម្មទឹកកខ្វក់, ទី៤៖ កិច្ចសហប្រតិបត្តិការសាកល្បងក្នុងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី, ទី៥៖ ការរៀបចំមន្ទីរពិសោធន៍សហប្រតិបត្ដិការកម្ពុជា-ចិន, ទី៦៖ ការរៀបចំតំបន់បញ្ចេញកាបូនតិច និងទី៧៖ ការផ្ដល់ជំនួយស្ថានីយតាមដានគុណទឹកស្វ័យប្រវត្តិជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here