លោក វេង សាខុន៖ ផលដាយត្រីសម្រាប់ធ្វើប្រហុក ផ្អកឆ្នាំនេះ ទាបជាងឆ្នាំមុនជាង ៤ពាន់តោន

0
7

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ផលត្រីទឹកសាប ចាប់សរុបតាមដាយត្រី សម្រាប់ធ្វើប្រហុក ផ្អកឆ្នាំនេះអាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% (៤៤២០តោន) ពី ១៤ ៣២០តោន មកនៅត្រឹម ៩៩០០តោន នាឆ្នាំនេះ។

បើតាមម្ចាស់ដាយត្រីបានឲ្យដឹងថា ថ្ងៃនេះជាថ្ងៃដំបូងត្រីប្រហុកចុះច្រើន ដាយលេខ ១៣ និង ១៤ លើកម្តងៗបានប្រមាណជា ១ ០០០គ.ក្រ ហើយ ១ម៉ោងលើកម្តង។ ដោយសារថ្ងៃនេះជាថ្ងៃទី៣ ដែលមានសន្ទះត្រីចុះបានគ្រាន់បើ ប្រសើរជាងពីរថ្ងៃដំបូងតម្លៃត្រីប្រហុក ហាក់ខ្ពស់បន្តិចគឺមានតម្លៃ ៥ ០០០រ/គ.ក្រ។ ដោយឡែក ដាយលេខ ១៥ លើកម្តងបានប្រមាណ ជា ១ ០០០-១ ៥០០គ.ក្រ ហើយតម្លៃក៏ល្អជាងគឺ ៣ ០០០រ/គ.ក្រ។

ក្នុងឱកាសចុះពិនិត្យសកម្មភាព របស់បងប្អូនប្រជាពលរដ្ឋមកពី គ្រប់ទិសទីកំពុងមមាញឹក សស្រាក់សស្រាំទិញត្រីធ្វើផ្អក ប្រហុក ត្រីងៀត និងត្រីឆ្អើរ ទុកជាស្បៀងប្រចាំឆ្នាំ នៅគន្លងដាយត្រីលេខ ១៣ ១៤ និង ១៥ (កំពង់ហ្លូង) ក្នុងស្រុកពញាឭ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ធ្នូ លោករដ្ឋមន្ត្រី វេង សាខុន បានមានប្រសាសន៍ថា បើគិតជាផលចាប់ទឹកសាបសរុប ក្នុងឆ្នាំនេះអាចមានកម្រិត ទាបជាងឆ្នាំកន្លងមកប្រមាណ ១៣% ដោយសារកម្ពស់ទឹកជំនន់ទន្លេមេគង្គ ស្ថិតក្នុងកម្រិតទាបហើយបាន អូសបន្លាយជាងមួយខែ។

លោកបន្តថា បើយោងតាមសេចក្តីរាយការណ៍ របស់មន្ត្រីរដ្ឋបាលជលផលបានឲ្យដឹងថា កម្រិតកំពស់ទឹកនៅទីតាំងដាយត្រី នាពេលបច្ចុប្បន្នមានកំពស់ខ្ពស់ជាងឆ្នាំ២០១៩ ចំនួនមួយម៉ែត្រនៅឡើយ ហើយល្បឿននៃទឹកហូរវិញ ក៏មានសភាពហូរខ្លាំងល្អ ដែលជាក្តីសង្ឃឹមថា នៅខ្នើតក្រោយអាចមានត្រី បន្តចេញពីទន្លេសាបបន្តទៀត។

លោករដ្ឋមន្ត្រីបញ្ជាក់ថា «តែទោះជាយ៉ាងណា តាមលក្ខណបច្ចេកទេស រួមទាំងវិសាលភាពនៃទឹកជំនន់ក្នុងបឹងទន្លេសាប ការប្រែប្រួលអាកាសធាតុ រដ្ឋបាលជលផលបានព្យាករណ៍ ផលចាប់សរុបតាមដាយត្រីសម្រាប់ឆ្នាំនេះ អាចទាបជាងឆ្នាំ២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០តោន មកនៅត្រឹម ៩ ៩០០តោន នាឆ្នាំនេះ។ ចំពោះផលនេសាទក្នុងដែននេសាទនាឆ្នាំ២០១៩ មានចំនួន ៣២៦ ៥០០តោន ហើយឆ្នាំ២០២០ មានចំនួន២៦៨ ០០០តោន។ ទន្ទឹមនឹងនេះ ផលដែលទទួលបានពីការធ្វើវារីវប្បកម្ម មានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបក្នុងឆ្នាំ២០១៩ មានចំនួន ៣០៧ ៤០៨តោន និងឆ្នាំនេះអាចទទួលបានចំនួន ៤០០ ៤០០តោន។ តួលេខនេះ បានបញ្ចាក់យ៉ាងច្បាស់ថាអនុវិស័យ វារីវប្បកម្មបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ៗ ក្នុងការផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក ជំនួសឲ្យផលនេសាទដាយត្រី និងផលនេសាទក្នុងដែននេសាទ ស្របតាមបំណងប្រាថ្នារបស់សម្តេចតេជោ គឺត្រូវជំរុញផលិតកម្មស្បៀងតាមរយៈ ការចិញ្ចឹមត្រីជាលក្ខណគ្រួសារ»។

ជាមួយគ្នានោះលោករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋមកធ្វើផ្អក និងប្រហុកឲ្យបានច្រើននៅខ្នើតនេះ និងខ្នើតបន្ទាប់ ក្នុងអំឡុងខែមករាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here