សោកស្ដាយ! ត្រីផ្សោតញីទម្ងន់ជាង២០០ គីឡូក្រាម បានស្លាប់នៅក្នុងអន្លង់ផ្សោតកាំពី

0
9

ភ្នំពេញ៖ ត្រីផ្សោតញីដ៏ធំ១ក្បាល មានទម្ងន់ជាង២០០គីឡូក្រាម បានស្លាប់នៅក្នុងអន្លង់ផ្សោតកាំពី ជារមណីយដ្ឋានទេសចរណ៍ដ៏ល្បី ស្ថិតនៅភូមិ ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលករណីនេះ ប្រជាពលរដ្ឋបានសំដែងនូវទឹកចិត្តសោកស្ដាយ  ព្រោះបាត់បង់ផ្សោតជាមេពូជ អាចបណ្តាលឱ្យមានការថមថយបរិមាណត្រីផ្សោតទៅថ្ងៃអនាគត។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

ក្នុងសកម្មភាពត្រួតពិនិត្យសំណាកត្រីផ្សោត ដែលបានស្លាប់ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកនេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានឱ្យដឹងថា តាមការពិនិត្យជាក់ស្ដែង ត្រីផ្សោតដ៏ធំមួយក្បាលនេះ បានស្លាប់ប្រហែលជាមួយថ្ងៃមុនតែប៉ុណ្ណោះ ហើយស្ថានភាពនៃការស្លាប់នេះ ដោយសារសត្វផ្សោតនេះមានវ័យចំណាស់ ធ្មេញវាសឹករិចរឹល ទាំងលើ ទាំងក្រោមពិបាកក្នុងការស៊ីចំណី និងគួបផ្សំទៅនឹងស្ថានភាពអាកាសធាតុមានការប្រែប្រួលផង។

លោកបញ្ជាក់ថា សត្វផ្សោតញីមួយក្បាលនេះ រស់នៅក្នុងអន្លង់កាំពីលេខID.95 ដែលមានទម្ងន់ប្រមាណជាង ២០០ គីឡូក្រាម មានប្រវែង ២៤០ សង់ទីម៉ែត្រ។ ក្រុមមន្ត្រីជំនាញរបស់រដ្ឋបាលជលផលខេត្ត និងបុគ្គលិកអង្គការWWF បានធ្វើសំណាកទៅតាមបច្ចេកទេស ទាក់ទងទៅនិងការស្លាប់របស់ត្រីផ្សោតនេះ។

លោកលាង សាមឿន ប្រជាពលរដ្ឋនៅជិតតំបន់ផ្សោតកាំពី ភូមិ ឃុំសំបុក បានរៀបរាប់ឱ្យដឹងថា ជារៀងរាល់ឆ្នាំត្រីផ្សោតតែងតែងាប់ជាបន្តបន្ទាប់  ចំណែកខាង (អង្គការ WWF)យកសំណាកត្រីផ្សោតទៅពិនិត្យរកមូលហេតុ តែមិនបានចេញជាលទ្ធផលយ៉ាងណានោះទេ ហើយយុទ្ធសាស្ត្រការការពារក៏មិនទាន់មានដែរ ។

លោកស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ រិះរកយន្តការធ្វើការអភិរក្សឱ្យមានប្រសិទ្ធភាព និងកុំទម្លាក់កំហុសទៅលើអាកាសធាតុប្រែប្រួល  ព្រោះមានករណីខ្លះ ក៏ត្រីផ្សោតនេះស្លាប់ដោយសារតែបទល្មើសនេសាទមួយចំនួនដែរ។

សូមបញ្ជាក់ថា នេះជាការស្លាប់ត្រីផ្សោតទី២ហើយដោយសារ កាលពីថ្ងៃទី១៥ ខែធ្នូ  មានត្រីផ្សោតឈ្មោល១ក្បាលទម្ងន់ជាង១រយគីឡូក្រាម បានស្លាប់រួចមកហើយដែរ។

ហើយការស្លាប់នេះ ត្រូវបានប្រជាពលរដ្ឋយកទៅកប់លាក់ក្នុងពំនូកខ្សាច់១កន្លែងក្បែរមាត់ទឹក ត្រង់ចំណុចវាលខ្សាច់ជ្រោយរ៉ៃ ស្ថិតក្នុងភូមិក្បាលកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ ខេត្តក្រចេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here