ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ២នាក់បន្ថែមទៀត និងមិនមានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។
យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកជំងឺដែលព្យាបាលជាសះស្បើយទាំង ២នាក់នោះរួមមាន៖
១.ស្ត្រីជនជាតិខ្មែរ អាយុ៣០ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាភរិយាបុរសជនជាតិខ្មែរ អាយុ៣៤ឆ្នាំ ធ្វើការនៅក្រសួងមហាផ្ទៃ ដោយជាសះស្បើយកាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។ ស្ត្រីរូបនេះ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
២.បុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៥ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាអ្នកដំណើរមកពីប្រទេសចិន តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ ចំនួន២លើក ត្រូវបានអនុញ្ញាឲ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៤ ធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៣៦៣នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៥១នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១២នាក់៕