ភ្នំពេញ៖ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបថ្មីសម្រេចបានចំនួន៣៥% ហើយ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ខាងមុខ។
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានដឹកនាំ មន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញ ចុះត្រួតពិនិត្យ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី។
ក្នុងបេសកកម្មត្រួតពិនិត្យការងារ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើបទបង្ហាញ ជូនលោករដ្ឋមន្ត្រី នូវចំនុចសំខាន់ៗដូចជា៖ ១. ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule) ២. រាយការណ៍អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020) ៣. ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង ៤. វិធានការត្រួតពិនិត្យ និងការបង្ការជំងឺឆ្លង កូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control)។
ជារួម គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបបានសម្រេចបានចំនួន៣៥% ហើយ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ខាងមុខ ដោយការសាងសង់បានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០មកម្លេះ ដែលមានរយៈពេល ៣៦ ខែ។
លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាខេត្តសៀមរាប សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។
គូបញ្ជាក់ថា ការសាងសង់ព្រលានយន្តហោះអន្តរជាតិសៀមរាបថ្មីនេះ ចំណាយទុនវិនិយោគប្រមាណ ៩០០ លានដុល្លារ ដែលនឹងសាងសង់លើផ្ទៃដីប្រមាណ ៧០០ ហិកតា។ អាកាសយានដ្ឋានថ្មីនេះ មានទីតាំងស្ថិតនៅចម្ងាយប្រហែល ៥០គីឡូម៉ែត្រពីទីប្រជុំជនខេត្តសៀមរាប៕