ក្រសួងសាធារណការ បញ្ជាទិញគ្រឿងចក្រទំនើបៗ ដើម្បីចែកជូនមន្ទីរទាំង ២៥រាជធានី-ខេត្ត ពង្រឹងគុណភាពធ្វើផ្លូវ

0
14

ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗ ពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបាន គ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាព ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ក្រសួងប្រចាំសប្ដាហ៍តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង កាលពីថ្ងៃទី២៣ ធ្នូ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងបាន និងកំពុងអនុវត្តអនុស្សរណៈ នៃការយោគយល់គ្នាជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការគ្នារៀបចំកម្មវិធី បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឱ្យក្លាយទៅជា វិស្វករនៅវិទ្យាស្ថានជាតិ បណ្ដុះបណ្ដាលបច្ចេកទេស របស់ក្រសួង ព្រមទាំងបានជំរុញឱ្យក្រុមការងារ ចំពោះកិច្ចពិនិត្យលទ្ធភាពដំណើរការ កម្មវិធីបណ្ដុះបណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាព កូនខ្មែរឱ្យកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាលគឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក។

ជាមួយគ្នានេះផងដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍភាពគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននៅទូទាំងប្រទេស ជាពិសេស វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវ ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់ បានចូលរួមសហការគ្នាក្នុងភាព ជាម្ចាស់លើការអនុវត្តគម្រោង ឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។

លោកទេសរដ្ឋមន្ត្រី បញ្ជាក់ថា «ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបាន គ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាននៅក្នុងព្រះរាជាណាចក្រកម្ពុជា»។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាង ជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ និងមន្ត្រីក្រោមឱវាទក្រសួង ដែលបានខិតខំប្រឹងប្រែង​ បំពេញការងាររបស់ខ្លួន ប្រកបដោយឆន្ទៈនិងមនសិការវិជ្ជាជីវៈខ្ពស់ ក្នុងបុព្វហេតុបម្រើឧត្ដមប្រយោជន៍ជាតិ និងបានថ្លែងអំណរគុណ ដល់ក្រុមការងារទទួលបន្ទុកការងារ សាងសង់អគារទីស្ដីការក្រសួងថ្មីនេះ បានចប់សព្វគ្រប់តាមពេល វេលាដែលបានកំណត់ និងបានផ្ដាំ ផ្ញើឱ្យមន្ត្រីទាំងអស់ខិតខំប្រឹងប្រែង បំពេញការងារបន្ថែមទៀត ជាពិសេសត្រូវយកចិត្តទុកដាក់ថែរក្សាអគារថ្មីនេះ និងគ្រឿងចក្រនានាឱ្យបានល្អបំផុត ដើម្បីប្រើប្រាស់បានយូរអង្វែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here